ស្នងការនគរបាលរាជធានីភ្នំពេញ អំពាវនាវមន្រ្តីនគរបាលនិងយោធា សូមកុំនៅពីក្រោយបទល្មើសគេចពន្ធចូលរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានប្រកាសថានឹងលុបបំបាត់រាល់រូបភាពនៃបទល្មើសសេដ្ឋកិច្ចដែលកំពុងប្រព្រឹត្តិទៅយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដោយមានមន្រ្តីនគរបាល និងយោធានៅពីក្រោយ ហើយក៏សុំអោយអាជីវករគ្រប់ប្រភេទសហការជាមួយសមត្ថកិច្ច ក្នុងការគោរពច្បាប់ចរាចរណ៍ មិនដឹកលើសទម្ងន់ ព្រមទាំងបង់ពន្ធត្រឹមត្រូវចូលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា “ ខ្ញុំសុំអោយមន្រ្តីនគរបាលឬក៏យោធា មេត្តាកុំនៅពីក្រោយខ្នង ឬក៏កាងបទល្មើសសេដ្ឋកិច្ចឡើយ។
ដោយមានការតាមដានព័ត៌មាន ខ្ញុំបានដឹងថា ក្នុងមួយថ្ងៃៗមានការដឹកទំនិញគេចពន្ធចូលក្នុងរាជធានីភ្នំពេញរាប់រយគ្រឿងដោយឈ្មួលផ្សេងៗគ្នាដែលបានឃុបឃិតគ្នាជាមួយមន្រ្តីនគរបាល និងយោធា ដើម្បីបិទបាំងទង្វើគេចពន្ធទាំងនោះ”។
ឯកឧត្តម ស ថេត បានបន្ថែមទៀតថា “ចាប់ពីថ្ងៃនេះទៅ ខ្ញុំ នឹងសហការជាមួយសាខាគយរាជធានីភ្នំពេញ និងនាយកដ្ឋានគយចល័យ ព្រមទាំងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្រ្កាបរាល់បទល្មើសសេដ្ឋកិច្ចដែលគេចពន្ធ ហើយសកម្មភាពនេះ នឹងជួយបង្កើនចំណូលពន្ធចូលរដ្ឋអោយបានត្រឹមត្រូវ និងកើនឡើងដែលជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល”។
ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបន្ថែមទៀតថា ចំពោះរថយន្តដឹកលើសទម្ងន់ ក៏នឹងមានវិធានការផងដែរ ដូច្នេះឈ្មួលធំៗទាំងឡាយ មេត្តាចូលរួមគោរពចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវ។
ឯកឧត្តម ស ថេត ក៏នឹងអនុវត្តអភិក្រម៥ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ មានដូចជា ទី១-ឆ្លុះកញ្ចក់, ទី២-ងូតទឹក, ទី៣-ដុសក្អែល, ទី៤-ព្យាបាល និង៥-វះកាត់។
សូមជម្រាបផងដែរ មួយរយៈពេលចុងក្រោយនេះ មានបណ្តាសារព័ត៌មានមួយចំនួន បានធ្វើការវាយប្រហារកម្លាំងជំនាញមន្រ្តីនគរបាលរាជធានីភ្នំពេញដោយគ្មានមូលដ្ឋានត្រឹមត្រូវ ហើយការវាយប្រហារទាំងនោះ គឺជារំលោភបំពានទៅដល់បេសកម្មរបស់មន្រ្តីជំនាញ ហើយស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ស ថេត រីករាយនឹងទទួលព័ត៌មានណាដែលច្បាស់ការ និងជាប្រយោជន៍រួមសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។