ពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន
ក្រុងសៀមរាប : យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានចូលរួមក្នុងពិធីជប់លៀងជូនគណ:ប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនទូទាំងប្រទេស ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅខេត្តសៀមរាប នៅសណ្ឋាគារសុខាអង្គរ។
ដំណើទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា របស់សភាប្រជាជនចិនទូទាំងប្រទេស នៃ សាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយ ឯកឧត្តម ចាង ឈុនស៊ាន អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេស បានបង្ហាញជាថ្មី អំពីជំហរនៃការរឹតចំណងសាមគ្គីភាព មិត្តភាពដែកថែប ទ្វេរភាគី ចិន-កម្ពុជា។
ពេលវេលានិងលទ្ធផលវិជ្ជមាននៃការរឹតចំណងទាក់ទងជាមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការនានា រវាងកម្ពុជា-ចិន កន្លងមក បានសបញ្ជាក់យ៉ាងច្បាស់ នៅក្នុងជំនួបសំដែងការគួរសមនិងពិភាគ្សាការងារ រវាងឯកឧត្តមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ចាង ឈុនស៊ាន មានប្រសាសន៍យ៉ាងដូច្នេះនៅសណ្ឋាគារ សុខា-អង្គរ ក្រុងសៀមរាប ក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំទទួលស្វាគមន៍ដោយ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីបានទស្សនាប្រាសាទអង្គរវត្ត បេតិកភណ្ឌពិភពលោក ។
ឯកឧត្តម ចាង ឈុនស៊ាន មានប្រសាសន៍បន្តថា ៖ អច្ឆរិយៈភាពដ៏អស្ចារ្យ នៃស្ថាបត្យកម្មប្រាង្គប្រាសាទអង្គរវត្ត បានបង្ហាញអំពីអរិយធម៌ដ៏រុងរឿងក្នុងប្រវត្តិសាស្រ្តកម្ពុជា និងជាសម្បត្តិបេតិកភណ្ឌ ដែលជាសក្តានុពលទេសចរ ដ៏ទាក់ទាញបំផុត ។ ឆ្នាំកន្លងទៅភ្ញៀវទេសចរចិនបានមកទស្សនាកម្ពុជាប្រមាណជាង៣លាននាក់ ក្នុងនោះមួយចំនួនធំ បានមកទស្សនា នៅខេត្តសៀមរាប ហើយឆ្នាំ២០១៨នេះ ភ្ញៀវចិនមានកំណើនជាងឆ្នាំមុនគួរកត់សម្គាល់ ។
ឯកឧត្តមបន្តថា រដ្ឋាភិបាលចិន នឹងបន្តលើកទឹកចិត្តឲ្យអ្នកទេសចរចិន មកទស្សនាកម្ពុជា ពិសេសទស្សនាប្រាសាទអង្គរវត្តឲ្យកាន់តែច្រើនឡើងថែមទៀត ជាមួយនឹងការគាំទ្រអ្នកវិនិយោគចិន ដាក់ទុនវិនិយោគនៅកម្ពុជា ក៏ជាសំខាន់ផងដែរ គឺនៅខេត្តសៀមរាប ។
ឯកឧត្តម ចាង ឈុនស៊ាន វាយតម្លៃថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ គឺពិតជាមានមោទនភាពមិនអាចកាត់ថ្លៃបាន ចំពោះការឆ្លើយតបទៅនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា ។
ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង មានប្រសាសន៍ថា ចិនជាប្រទេសមួយដែលបានជួយដល់ខេត្តសៀមរាបច្រើនទាំងផ្នែកការអភិវឌ្ឍនៅក្រុងសៀមរាប និង ការជួយជួសជុលប្រាសាទបុរាណដូចជាប្រាសាទចៅសាយទេវត្តា ប្រាសាទតាកែវ ជាដើម។ ដោយមើលឃើញពីចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងសភារដ្ឋាភិបាលប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ចិន បានធ្វើឲ្យកំណើនភ្ញៀវទេសមកកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងជាបន្តបន្ទាប់ ។ ដូចជានៅ រយៈពេល០៩ខែឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបមានចំនួន៤លាន៤៥០ពាន់៧៣៨នាក់ មានការកើនឡើង៨,៤៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ក្នុងនោះភ្ញៀវទេសចរចិនមានចំនួន៨៣១ពាន់៨០១នាក់ កើនឡើង៥០,៦២%ស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងចំណោមភ្ញៀវទេសអន្តរជាតិសរុប។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាជាតិកម្ពុជា លើកបង្ហាញថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់សភាប្រជាជនចិនទូទាំងប្រទេស នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាសក្ខីភាពយ៉ាងមុតមាំ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និង ប្រជាជននៃប្រទេសយើងទាំងពីរ ដែលបាននិងកំពុងបន្តពង្រឹងពង្រីក ថែរក្សាទំនាក់ទំនងជាប្រពៃណី កាន់តែរឹងមាំទ្វេឡើងថែមទៀត ។
នេះគឺជាលើកទី១ នៃវត្តមានគណប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា ក្រោយពីការបង្កើតរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នីតិកាលទី៦នៃរដ្ឋសភា ផងដែរ៕