លោកហ៊ុន ម៉ាណែតៈ វិស័យអប់រំ-សុខាភិបាលធ្វើឲ្យកម្ពុជាមានម្ចាស់ការដោយខ្លួនឯងលែងពឹងគេ
ភ្នំពេញៈ លោកហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សព្វថ្ងៃនេះនៅក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលធ្វើអោយយើងមានភាពឯករាជ្យម្ចាស់ការដោយខ្លួនឯងលែងពឹងគេ។
គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺផ្ដោតសំខាន់លើវិស័យអាទិភាពចំបងចំនួនពីរនេះ មានតែវិស័យ២នេះគត់ ដែលសំខាន់ក្នុងការធានានិងអនុវត្តនូវនិរន្តរភាពនិងការរីកចម្រើន។
កាលពីអតីតកាលតាមមន្ទីរក្រសួងស្ថាប័នមួយចំនួន (ក្នុងវិស័យអប់រំនិងសុខាភិបាល) មានអ្នកជំនាញបរទេសមកជួយ ប៉ុន្តែបច្ចុប្បន្ននេះយើងមានសមត្ថភាពបណ្ដុះបណ្ដាលដោយខ្លួនឯងទាំងរដ្ឋនិងឯកជន។
ការថ្លែងនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់ថ្នាក់វេជ្ជបណ្ឌិតឯកទេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជូននិស្សិតសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ (IU) កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា “សព្វថ្ងៃយើងមានកំណើនប្រជាជន និងសុខភាពដោយសាrកត្តាពីរសំខាន់ គឺទី១. កត្តាសុខសន្តិភាព ស្ថេរភាពគឺជាកត្តាកំណត់ រួមជាមួយនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងផ្ដល់សេវាសុខាភិបាលដល់មូលដ្ឋាន និងទី២. កត្តាធនធានមនុស្សនៅក្នុងវិស័យសុខាភិបាលដែលមានប្រមាណជាង២ម៉ឺននាក់ ហើយត្រូវផ្ដល់សេវាសុខភាពដល់មនុស្សជិត ១៦លាននាក់ ដែលព្យាបាលបានជោគជ័យនិងកាត់បន្ថយអត្រាមរណៈ នេះជាមោទនភាពរបស់យើង”។
លោកបានបន្តទៀតថា និស្សិតដែលបញ្ចប់ការសិក្សានៅពេលនេះ គឺជាធនធានបន្ថែមទៀត(ក្រុមទេវតាដែលជួយព្យាបាលជំងឺរបស់មនុស្ស) ដែលជាមោទនភាពចំពោះសមិទ្ធផល និងជំនាញរបស់និស្សិត នឹងចូលរួមយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយសុខមាលភាពរបស់ប្រជាពលរដ្ឋ និងជួយខ្លាំងណាស់ដល់សង្គមជាតិ ព្រោះយើងផ្ដោតសំខាន់លើវិស័យពីរចំពោះប្រជាពលរដ្ឋ គឺអប់រំនិងសុខភាព។ ប្រជាពលរដ្ឋមានសុខភាពខ្លាំងតែអត់ចំណេះដឹងអត់សមត្ថភាពក៏លំបាក យើងមានធនធានមនុស្សដែលមានកំរិត។ ម្យ៉ាងវិញទៀតមានចំណេះដឹងច្រើនតែសុខភាពអត់ល្អក៏ទៅអត់រួច។
ដូច្នេះទាល់តែមានធនធានមនុស្សទាំងពីរនេះដែលធ្វើអោយមនុស្សមានភាពរឹងមាំនិងសមត្ថភាពចូលរួមអភិវឌ្ឍសង្គមជាតិកាន់តែរឹងមាំ។ នេះគឺជាភាពជោគជ័យរបស់យើងក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព និងជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគត។ និស្សិតដែលចាប់យកជំនាញនៅថ្ងៃនេះគឺកសាងអនាគតនិងក្តីសង្ឃឹមរបស់ខ្លួនឯង គ្រួសារ និងប្រទេសជាតិយើង។ ហើយចាប់ពីពេលនេះសូមឲ្យនិស្សិតទាំងអស់ជោគជ័យបន្ថែមទៀតនៅក្នុងជីវិត និងការងារ។
ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែត បានអបអរសាទរចំពោះភាពជោគជ័យរបស់និស្សិតជ័យលាភីទាំងអស់ និងក្រុមគ្រួសាររបស់និស្សិតទាំងអស់ ព្រោះនេះគឺជាមោទនភាពទី១ សម្រាប់និស្សិតខ្លួនឯងដែលបានខិតខំប្រឹងប្រែងសម្រាប់និស្សិតខ្លួនឯងដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ និងមោទនភាពទី២ សម្រាប់គ្រួសារដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សាគិតគូរដល់កូនគ្រប់ពេលវេលា និងមោទនភាពមួយទៀតគឺសម្រាប់សាលានិងសាស្ត្រាចារ្យដែលបានខិតខំផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់និស្សិតយើង៕