រដ្ឋមន្ត្រីក្រសួងមហាផ្ទៃៈ គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាបន្តកើតមានក្នុងទិដ្ឋភាពរន្ធត់សោកសង្វេក
ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាបន្តកើតមានក្នុងទិដ្ឋភាពរន្ធត់ សោកសង្វេក និងការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនអស់ជាច្រើនផងដែរ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ប្រព័ន្ធព័ត៍មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាឆ្នាំ២០១៧ឃើញថា ចំនួនជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១៩៧៦នាក់ និងរបួសចំនួន ៤៨៧០នាក់ គិតជាមធ្យមគឺស្លាប់ជាង៥នាក់ និងរបួសជិត១៤នាក់ ក្នុងមួយថ្ងៃ។
នេះជាតួលេខមួយដែលយើងមិនអាចទទួលយកបានទេ ត្រូវខិតខំធ្វើឲ្យតួលេខអ្នកស្លាប់ និងរបួស វាទាបជាងនឹង។
ការថ្លែងបញ្ជាក់នេះ នៅក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។