មេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន
ខេត្តរតនគិរី ៖ ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ជា តារា ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី គឺជាអ្នកមានតួនាទីក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ជាពិសេសគឺបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់។ ក៏ប៉ុន្តែជាក់ស្ដែងលោក ជា តារា និងមន្ត្រីក្រោមឱវាទមិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួននោះទេ ហើយកំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងទៀតថា ការដែលលោក ជា តារា និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក វ៉ាន សង្វាត ស្នងការរងនគរបាលខេត្តរតនគិរី ទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងពីសំណាក់លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ផងដែរ។
ប្រភពដែលស្និទ្ធនឹងលោក ជា តារា បានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញជាច្រើននាក់ដូចជា ឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ និងឈ្មួញឈ្មោះ ចែរ៉ា, ឈ្មួញឈ្មោះ ទូច, ឈ្មួញឈ្មោះ ចន្ធី, ឈ្មួញឈ្មោះ ស្រេង, ឈ្មួញឈ្មោះ ស្រីលក្ខណ៍ ព្រមទាំងឈ្មួញយួនមួយចំនួនកំពុងសម្រុកដឹកជញ្ជូនឈើចេញពីខេត្តរតនគិរី ទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ហាវ ក៏កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តរតនគិរី ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកផងដែរព្រោះលោក ជា តារា និងបក្ខពួកមិនចាត់វិធានការបង្ក្រាបនោះទេ។ អាចនិយាយបានថាលោក ជា តារា និងបរិវារបានចាត់ទុកក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ជាប្រភពចំណូលរបស់ពួកគេទើបបណ្ដោយឲ្យបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរាលដាល។
សេចក្ដីរាយការណ៍ពីឈ្មួញមួយចំនួនដែលដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ចូលខេត្តរតនគិរី ឆ្លងកាត់ផ្លូវជាតិលេខ៧៨ ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថា ពួកគេត្រូវបង់លុយតាមការកំណត់របស់លោក ឈាង សុភ័ក្ត្រ ដែលជាមនុស្សជំនិតរបស់លោក ជា តារា ទើបអាចចៀសផុតពីការបង្ក្រាប។ ប្រសិនបើមានឈ្មួញណាហ៊ានគេចវេសមិនបង់លុយឲ្យក្រុមមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី ក្រោមការគ្រប់គ្រងរបស់លោក ជា តារា គឺចៀសមិនផុតពីការបង្ក្រាបឡើយ ហើយត្រូវគេថតរូបភាពផ្សព្វផ្សាយយកស្នាដៃយ៉ាងក្រអឺតក្រទមទៀតផង។
ទន្ទឹមនឹងនេះលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី ត្រូវប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានារិះគន់ថា ជាអ្នកឃុបឃិតឲ្យមានបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ជាពិសេសរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះឈ្មួញសម្រុកដឹកឈើពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តរតនគិរី ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កាន់តែច្រើនជាងមុនទៅទៀតព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសនោះទេ៕