រត់ម៉ូតូឌុបរកលុយមិនសូវបានបែកគំនិតជួញដូរថ្នាំញៀនត្រូវសមត្ថកិច្ចប៉ូលិសចាប់វៃខ្នោះ
ខេត្តរតនគិរី៖ មន្ត្រីអនុរក្សពន្ធធនាគារខេត្តបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នករត់ម៉ូតូឌុបបានយកផ្លែសាវម៉ាវទៅឲ្យអ្នកជាប់ឃុំឃាំងនៅក្នុងពន្ធធនាគារភ្នំស្វាយ ត្រូវបានអនុរក្សពន្ធធនាគារឆែកឆេររកឃើញថ្នាំញៀនដាក់នៅក្នុងសំបកសាវម៉ាវ ខណ:នោះត្រូវបានអនុរក្សពន្ធធនាគារឃាត់ខ្លួនភ្លាមៗតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា បន្ទាប់ពីកម្លាំងអនុរក្សពន្ធធនាគារខេត្ត បានឆែកឆេររកឃើញផ្លែសាវម៉ាវមានលាក់ទុកនូវសារធាតុញៀន តាមរយះម៉ូតូឌុបយកចូលទៅក្នុងពន្ធធនាគារខេត្ត ផ្ញើទៅឲ្យឈ្មោះ សុច ហៃ ដែលកំពុងជាប់ឃុំឃាំង រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់។
សមត្ថកិច្ចនគរបាលបន្តថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តរតនគិរី ព្រមទាំងចំលើយសារភាពរបស់ជនសង្ស័យនោះ កម្លាំងជំនាញក៏ឈានទៅឃាត់ខ្លួនជនសង្ស័យស្ត្រីម្នាក់ទៀតនៅចំណុចហាងម៉ាស់ស្សា”យីហោ” ស្រីខួច មានហេង ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោកថា ជនសង្ស័យឃាត់ខ្លួន
ទី១-ឈ្មោះ ថេង តារា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានមុខរបររត់ម៉ូតូឌុប។
ទី២-ឈ្មោះ ឆេង សុខចាន់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរម៉ាស់ស្សា។ ក្រោយឃាត់ខ្លួន
ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងជំនាញធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលអវិជ្ចមាន(-)១នាក់ អវិជ្ចមាន១នាក់។
ក្នុងនោះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់ ទម្ងន់០.៣៣ក្រាមទាំងសំបកថង
២- ម៉ូតូ១គ្រឿង
៣- ខ្សែដៃ១ខ្សែ ធ្វើពីលោហៈធាតុពណ៌លឿង
៤- ខ្សែ.ក១ខ្សែ ធ្វើពីលោហៈធាតុពណ៌លឿង
៥- ចិញ្ចៀន១វង់ ធ្វើពីលោហៈធាតុពណ៌លឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕