ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សាឆ្នាំ ២០១៨-២០១៩ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ ២០១៨-២០១៩ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរីកាលពីព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៨នេះ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ជាង១.០០០នាក់។
នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់វិស័យអប់រំ នៃព្រះរាជាណាចក្រកម្ពុជា ថាជាថ្ងៃបើកទំព័រឆ្នាំសិក្សាថ្មី សម្រាប់ក្មួយៗសិស្សានុសិស្សក្នុងវ័យសិក្សា ដែលជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា ដើម្បីចូលរៀនថ្មី រឺ បន្តការសិក្សាពីថ្នាក់ដំបូងសម្រាប់កុមារ រហូតទៅដល់ថ្នាក់ខ្ពស់ៗបន្តទៀត ។
បន្ទាប់មកឯកឧត្តមបានមានប្រសាសន៍ថា ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងបុព្វហេតុ លើកតម្កើងវប្បធម៌ស្រឡាញ់ការសិក្សារៀនសូត្រ ជាការរំលឹកដាស់តឿន កូនខ្មែរគ្រប់រូប ដែលជាទំពាំងស្នងឬស្សីដើម្បីបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិ ។
ដូច្នេះឯកឧត្តម សូមអំពាវនាវដល់ មាតាបិតា អាណាព្យាបាល និង អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមជម្រុញដល់កូនក្មួយៗ ដែលមានអាយុត្រូវចូលរៀន ឲ្យមកចូលរៀនអោយបានគ្រប់ៗគ្នាហើយសិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំរៀនសូត្រ និង ត្រូវចេះរៀបចំកម្ម វិធីសិក្សាអោយបានច្បាស់លាស់ទើបធ្វើអោយកាសិក្សារបស់យើងទទួលបានជោគជ័យដោយស្តាប់បង្គាប់ មាតា បិតា លោកគ្រូ អ្នកគ្រូ ជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន បងតូចបងធំ ក្មេងទំនើង ត្រូវចូលរួមគោរពច្បាប់ចរាចរអោយបានគ្រប់គ្នា និងមិនប្រើអំពើអប្បាយមុខផ្សេងៗទាំងឡាយណាដែលខុសច្បាប់និងសង្គមស្អប់ខ្ពើម។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ សមាគមន៍គ្រូបង្រៀន និង អ្នកដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ វិស័យអប់រំក្នុងខេត្ត អោយទទួលបានការរីកចំរើនដូចសព្វថ្ងៃនេះ ។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី បានដឹងថា នៅក្នុងបំណាច់ឆ្នាំសិក្សា ២០១៧-២០១៨សិស្សបឋមសិក្សា មានចំនួន ១៣៦៥៤ នាក់ ធៀបនឹងដើមឆ្នាំថយចុះ ៥២២នាក់ សិស្សវិទ្យាល័យ ពីថ្នាក់ទី៧ដល់ទី ១២ មានចំនួន ២៧៥៧នាក់ ធៀបនឹងដើមឆ្នាំថយចុះ ១៧៣នាក់។ ចំពោះលទ្ធផលសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៣៨០នាក់ ។
លោកបានបន្ថែមថា ចំពោះសិស្សរៀនពូកែដែលត្រូវចែករង្វាន់លើកទឹកចិត្តនាពេលនេះ រួមមាន ចំណាត់ថ្នាក់លេខ១ដល់លេខ៥ ចាប់ពីថ្នាក់ទី៧ដល់ទី១២ មានចំនួន ១២០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ប៊ិច សៀវភៅ បន្ទាត់ កាបូប និង ថវិកាមួយចំនួនទៀតផងដែរ ៕