ប៉ូលិសម្នាក់ទទួលការកោតសរសើរ ព្រោះជួយសង្គ្រោះក្មេងផុតពីស្លាប់ និងដោះអាវដណ្ដប់ក្មេង
កំពង់ឆ្នាំង៖ ប៉ូលិសខេត្តកំពង់ឆ្នាំងម្នាក់ កំពុងទទួលការកោតសរសើរពីមហាជនជាខ្លាំង ដោយបានជួយសង្គ្រោះក្មេងប្រុសម្នាក់ កៀបជាប់នឹងរថយន្តធំ រួចដោះឯកសណ្ឋានមកគ្របដណ្ដប់ក្មេងដែលកំពុងមានរបួសជាប់ខ្លួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៤និង០០នាទីទាបភ្លឺ នៅចំណុច (វាលបារ៉ាម)ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ៦៥ និង៦៦ ភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តថយន្តម៉ាកនីស្សាន់ឌីសែលពណ៍ទឹកមាស ចង្កូតស្ដាំ ពាក់ស្លាកលេខ PSHN0164 បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងនិងរថយន្តម៉ាកហាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខកំពង់ចាម 3A 32 48 បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរបញ្ច្រាសទិសគ្នា។
ជាអកុសលមានជនរងគ្រោះស្លាប់ ២នាក់ ម្នាក់ជាអ្នកបើកបររថយន្តត្រូវជាឪពុកក្មេងប្រុសរងរបួសខាងលើស្លាប់នៅកន្លែង និងម្នាក់ទៀតជាព្រូឡាន។ ចំណែកក្មេងប្រុសរងរបួស បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុក តែរថយន្តនៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្នរថយន្តទាំង ២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឌាននគរបាលស្រុកកំពង់ត្រឡាច រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។
ឯសាច់ញាតិគ្រួសាររងគ្រោះបានអរគុណដល់សមត្ថកិច្ចដែលបានជួយសង្គ្រោះក្មេងដោយសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកថា «អរគុណបងប្រុសប៉ូលិសដែលបានមើលថែរក្មួយខ្ញុំ ពេលដែលខ្ញុំមិនទាន់ទៅដល់មន្ទីរពេទ្យ ក្រោយពេលដឹងខ្លួន ក្មួយប្រុសខ្ញុំម្នាក់នេះសួររកបងប៉ូលិសចង់អរគុណ ហើយថាបានពូប៉ូលីសនៅក្បែរពេលអូនដេរក្បាល។ អរគុណបងប៉ូលីសរកអ្វីប្រៀបមិនបានទេដែលបាននៅមើលក្មួយខ្ញុំរហូតដល់ខ្ញុំទៅដល់មន្ទីរពេទ្យ អរគុណ និងអរគុណដល់គ្រូពេទ្យដែលបានជួយដេរក្បាលអោយក្មួយខ្ញុំ។
តើអ្នកណាជាអ្នកទទួលខុសត្រូវលើជីវិតបងប្រុសខ្ញុំ ដោយសារតែការធ្វេសប្រហែសរបស់អ្នកតែមួយភ្លែតប៉ុណ្ណោះ ធ្វើឲ្យអ្នកដទៃត្រូវបាត់បង់មនុស្សដែលគេស្រលាញ់ កូនត្រូវព្រាត់ឳពុក ប្រពន្ធត្រូវព្រាត់ប្ដី ឳពុកម្ដាយត្រូវបាត់បង់កូន គ្រួសារត្រូវព្រាត់ប្រាស់គ្នា តើយកអ្វីមកសង? ចង់សងអ្វីក៏វាគ្មានន័យ អ្នកមានចិត្ដជាមនុស្សទេ បង្កវាឡើងមកហើយក៏រត់បាត់ មិនប្រាប់គ្រួសារគេមួយម៉ាត់ ហោចណាស់ក៏អាណិតក្មេងតូចម្នាក់ ដែលនៅលើឡានមិនទាន់ស្លាប់ដែរ បេះដូងអ្នកសាងមកពីអ្វី»?
ចំណែកបងថ្លៃម្នាក់ទៀត បានបង្ហាញអារម្មណ៍ឈឺចាប់សោកស្ដាយជាពន់ពេក ពេលបាត់បង់ជីវិតបុរសម្នាក់នេះដោយសរសេរថា «អ្នកណាសងជីវិតប្អូនថ្លៃខ្ញុំ ដោយសារតែអ្នកធ្វេសប្រហែល ធ្វើអោយក្មួយខ្ញុំត្រូវកំព្រាឪពុកទាំងនៅក្មេង ប្អូនស្រីខ្ញុំត្រូវព្រាត់ប្រាស់ប្តី … សួរថាអ្នកណាសងជីវិតប្អូនថ្លៃខ្ញុំ។ សូមទៅអោយបានសុខណាជាតិនេះយើងមាននិស្ស័យជាបងថ្លៃប្អូនថ្លៃគ្នាត្រឹមប៉ុណ្ណឹង អញនឹងមើលថែកូននិងប្រពន្ធឯងអោយបានល្អ»។
ឯមន្ត្រីប៉ូលិសដែលទទួលបាននូវការកោវការកោតសរសើរនេះមានឈ្មោះ ប៉ូ ច័ន្ទមុនី អាយុ ២៩ឆ្នាំ មានឋានន្តរស័ក្តិអនុសេនីយ៍ទោ ជាមន្រ្តីសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចផ្ទាល់តែម្ដង៕