សាហាវមេះ ! ហៅកូនក្រមុំគេយកទៅរំលោភ ម៉ែឪគេមិនព្រម ខឹងនាំគ្នាបើកឡានដេញបំបុកគេទៀត អស់ទាស់ហ្មង !
ភ្នំពេញ ៖ យុវជនឈាមរាវ ចិត្តស្លុយ២នាក់ ត្រូវបានប្រជាពលរដ្ឋ វាយឡើងទ្រោមខ្លួន ដល់សន្លប់ បន្ទាប់ពីបាន ហៅកូនស្រីក្រមុំ ដែលមិនដែលស្គាល់គ្នាសោះ ដល់ក្នុងផ្ទះយកទៅរួមភេទ តែឪពុកម្តាយនាងមិនព្រម ធ្វើឱ្យយុវជនទាំង២នោះខឹង ក៍បើករថយន្ត ដេញបំបុកសម្លាប់ចោល តែសំណាងពួកគាត់គេចផុត ក៍ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រៀបដល់ដី ហើយប្រជាពលរដ្ឋក៍បានស្វាគមន៍យាងចាស់ដៃ ទៅលើព្រាននារីនោះប៉ោងមុខមាត់និងសន្លប់ ព្រមទាំងវាយបំបែកកញ្ចក់រថយន្តនោះផងដែរ ។
ហេតុការណ៍ដ៍តក់ស្លត់ ភ័យរន្ធត់និងហួសចិត្តផងនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចជិតសំណង់អាណាធិបតេយ្យ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមមន្ត្រីសមត្ថកិច្ចប្រាប់ថា អ្នកបើកបររថយន្តបង្កហេតុមានឈ្មោះ ហុយ សុងភី អាយុ២៩ឆ្នាំ រស់នៅ ភូមិ ឃុំ ព្រៃខ្សាវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាអ្នកបើកបររថយន្ត របួសមែកមុខបែកមាត់។ និងម្នាក់ទៀត មិនទាន់បានស្គាល់ឈ្មោះនោះទេ ដោយរបួសដល់សន្លប់។
បើតាមការរៀបរាប់ពីឪពុកម្តាយបានរៀបរាប់ថាមុនកើតហេតុ មិនដឹងបុរស២នាក់នោះស្រវឹងស្រាមកពីណាទេ បានមកនិយាយជាមួយកូនស្រីរបស់គាត់ អាយុទើប១៦ឆ្នាំ រួចក៏លួងលោមចុះឡើងៗ ក៏បបួលកូនស្រីគាត់ ទៅរួមដំណេកជាមួយ ហើយប្រាប់ថាចាំមកវិញអោយលុយចាយ។ ពេលឭដូច្នេះពួកគាត់ជាឪពុកម្ដាយបានដើរចេញមកហៅកូនចូលផ្ទះ រួចហាមឃាត់កូនមិនឲ្យទៅណាផ្ដេសផ្ដាសជាមួយអ្នកមិនស្គាល់ទេ។
ពួកគាត់បានប្រាប់ទៀតថា ពេលនោះ ស្រាប់តែបុរស២នាក់នោះ បានមកឈ្លោះប្រកែកគ្នាជាមួយពួកគាត់ដែលជាឪពុកម្ដាយ ធ្វើឲ្យបុរសទាំង២នាក់នោះផ្ទុះកំហឹង ព្រោះមិនឲ្យកូនទៅជាមួយ ទើបដើរទៅបើករថយន្ត ម៉ាកកាមេរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្តាល 2B-6323 បើកមកបំបុកពួកគាត់និងកូនស្រី ដែលឈរនៅមុខផ្ទះ តែពួកគាត់ឃើញទាន់ក៏ស្ទុះទៅក្រោយបង្គោលភ្លើង ហើយបុរសដែលជាអ្នកបើកស្រែកមកថា បុកអោយងាប់ហ្មងទៅ តែកាច់ចង្កូតមកបុកបង្គោលភ្លើង បណ្តាលឲ្យបាក់ដល់ដី តែរថយន្តនៅបើកបានចេញ ទៅបាត់ឆ្ងាយ ។ ហើយមួយសន្ទុះក្រោយមកស្រាប់តែ ឃើញបុរសទាំង២នាក់នោះ បើករថយន្តដដែលនោះត្រលប់មកវិញ ក្នុងល្បឿនយ៉ាងលឿន តម្រង់មកកន្លែងមនុស្សកំពុងឈរមើល ទើបគាត់ស្រែកអោយរត់ចូលក្នុងអោយផុតមក ភ្លាមនោះរថយន្តក៏បានមកបុកចំបង្គោលភ្លើងដដែលនោះម្តងទៀត ជាប់ទៅមុខលែងរួចតែម្តង។
ភ្លាមៗនោះដែលគ្រាន់តែឃើញជនល្មោមកាមទាំង២នាក់នោះ បើកតម្រង់មកបុកដូច្នេះ ប្រជាពលរដ្ឋដែលរត់ចែកជើងប្រសាចពេញវាលខ្សាច់នោះ នាំគ្នារត់មកជួយចាប់បុរសទាំង២នាក់នោះ រួចបញ្ចេញកំហឹងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង និងវាយបែកកញ្ចក់រថយន្តខ្ទេចផងដែរ បណ្ដាលឲ្យបុរសដែលជិះរថយន្តជាមួយរបួសធ្ងន់សន្លប់ស្តូក ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់អោយសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើចុះមកយកកន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួន វាយខ្នោះយកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ។ ហើយគ្រានោះ ឪពុកនិងម្តាយក្មេងស្រីជនរងគ្រោះបានទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីសុំឲ្យសមត្ថកិច្ចធ្វើការអន្តរាគមន៍និងចោទប្រកាន់ពី ប៉ន់ប៉ងមនុស្សឃាត ដើម្បីចាត់ការតាមផ្លូវច្បាប់៕