ប្រជាការពារសង្កាត់ឬស្សីកែវម្នាក់ត្រូវមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាញ់រះ10គ្រាប់ បណ្ដាលអោយរងរបួសធ្ងន់
ភ្នំពេញ៖ កម្លាំងសម្ថតកិច្ចខណ្ឌឫស្សីកែវសហកាណ៍ជាមួយកម្លាំងប្រជាការពារសង្កាត់ឬស្សីកែវបានចេញល្បាត ពួនស្ទាក់តាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន បានប្រទះឃើញក្រុមក្មេងទំនើងកំពុងវៃកាប់ចាក់គ្នា ហើយនាំគ្នាឡើងជិះម៉ូតូរត់ ដោយសមត្ថកិច្ចក៏បានជិះម៉ូតូប្រដេញតាមរហូតមកដល់ផ្លូវបេតុង ម្ដុំផ្ទះល្វែង ក៏បានឃាត់អោយឈប់ ដើម្បីសុំឆែកឆេរ ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លី មួយដើមបានផ្ទុះអាវុធ១០គ្រាប់បន្តបន្ទាប់គ្នា ផ្អើលក្រុមក្មេងទំនើងទាំងនោះ បានរត់ចែកជើងគ្នាបាត់អស់ និងបណ្ដាលឲ្យប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើងចំជើងស្តាំរងរបួសធ្ងន់ផងដែរ ទើបបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពេញខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចទល់មុខផ្ទះល្វែងA4 ស្ថិតតាមផ្លូវបេតុង ភូមិគង្គារផុស ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនបង្កដែលជាខ្មាន់កាំភ្លើងមានឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅជិតកន្លែងកើតហេតុ។
តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ឫស្សីកែវ បានចេញល្បាត ពួនស្ទាក់តាមភូមិសាស្ត្រនានា ក្នុងមូលដ្ឋា និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ បង្ក្រាបបទល្មើស ចោរលួច ឆក់ ប្លន់ ផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈពេលល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងទំនើង កំពុងវាយតប់គ្នា គ្រាន់តែឃើញសមត្ថកិច្ចភ្លាមក្រុមក្មេងទំនើងមួយក្រុមក៏បានឡើងជិះម៉ូតូ(មិនចាំម៉ាក)រត់គេចខ្លួន ភ្លាមនោះកម្លាំងបានជិះម៉ូតូប្រដេញតាម ចូលទៅតាមផ្លូវបេតុង(គ្មានលេខ) មុខផ្ទះល្វែងA4 ដែលជាកន្លែងកើតហេតុ ខាងលើ ស្ថិតក្នុងភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ កម្លាំងក៏បានឃាត់ម៉ូតូជនសង្ស័យបំរុងនិងធ្វើការឃាត់សុំឆែកឆេរ និងសួរនាំ ស្រាប់តែបុរសម្នាក់ស្លៀកពាក់ស៊ីវិល ហើយនៅក្នុងដៃមានកាន់កាំភ្លើងខ្លី១ដើម ម៉ាក Lock ពណ៍ខ្មៅ បានផ្ទុះអាវុធចំនួនមួយគ្រាប់ ក៏ផ្អើលសមត្ថកិច្ចនគរបាល ប្រាប់អោយកម្លាំងពួនក្រាបរកកន្លែងមានសុវត្ថិភាពសិន និង រាយការណ៍តាមវិទ្យុទាក់ទងសុំកម្លាំងជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ក្នុងឧកាសសមត្ថកិច្ចកំពុងរកកន្លែងសុវត្ថិភាពក្រុមក្មេងទំនើងទាំងនោះ បានឡើងជិះម៉ូតូរត់ចែកជើងគ្នាបាត់អស់ ។
បន្តិចក្រោយមកជនស៊ីវិលរូបនោះ ក៏បានផ្ទុះអាវុធបន្តទៀត បណ្ដាលឲ្យប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំជើងស្តាំរងរបួសធ្ងន់ផងដែរ សរុបចំនួន១០គ្រាប់បន្តបន្ទាប់គ្នា រហូតដល់សលតែមួយគ្រាប់ ទើបសមត្ថកិច្ចនគរបាល ប្រដាប់ដោយកាំភ្លើងAK បានស្ទុះចូលទៅភ្ជុងជនស៊ីវិលជាខ្មាន់កាំភ្លើងនោះ រួចធ្វើការដកហូតកាំភ្លើងខ្លីមួយដើមខាងលើ យករក្សាទុកធ្វើជាវត្ថុតាង រួចវាយខ្នោះ រងចាំកម្លាំងមកយកទៅសាកសួរបន្តនៅអធិការនគរបាលខណ្ឌឬស្សីកែវ ។ ចំណែកឯប្រជាការពារដែលត្រូវគ្រាប់កាំភ្លើងចំជើងនោះ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន រស្មី មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានរកឃើញសំបកគ្រាប់ ចំនួន១០គ្រាប់ផងដែរ ចំណែកឯបុរសដែលជាខ្មាន់កាំភ្លើង រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធីនៃច្បាប់នៅពេលក្រោយ ៕