សិស្ស​វិទ្យាល័យ​ច្បារ​អំពៅ​២​នាក់ រៀន​យូរ​ៗ​បែកគំនិត​ចេញ​ឆក់​ទូរស័ព្ទ

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​២​នាក់​ដែល​ជាំ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ជនបរទេស​បាន​សម្រេច តែ​ត្រូវ​បាន​ជន​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចាប់​កន្ទុយ​ម៉ូតូ​បាន​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១ និង​០៥​នាទី ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ឡើង​ស្ពាន​ហង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ជនបរទេស​មួយ​ក្រុម (​ជនជាតិ​ចិន​) មាន​ស្រី​មាន​ប្រុស​ខ្លះ​ស្ពាយ​កាបូប​ខ្លះ​កាន់​ទូរស័ព្ទ បាន​ចេញពី​ភោជនីយដ្ឋាន​ដើរ​ថ្មើ​ជើង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ បម្រុង​នឹង​ឡើង​រថយន្ត​។ ​ភ្លាម​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មក​ពីក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បាន​សម្រេច រួច​ប្រឹង​បើក​គេចខ្លួន តែ​លទ្ធផល​ទទួល​បាន គឺ​ត្រូវ​បាន​ជនជាតិ​ចិន​ទាំងនោះ​ចាប់​បាន​កន្ទុយ​ម៉ូតូ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ផ្អើល​ឆោ​រ​ឡោ​ដល់​ប្រជាពលរដ្ឋ​ចាប់​បាន​ទាំង​២​នាក់​តែ​ម្តង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន មានឈ្មោះ​ទី​១ ប៉ា សុភា អាយុ​១៦​ឆ្នាំ មុខរបរ​សិស្សសាលា​ច្បារ​អំពៅ និង​ទី​២​ឈ្មោះ អៀង រតនា អាយុ​១៦​ឆ្នាំ សិស្សសាលា​ច្បារ​អំពៅ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ ស្នាក់​នៅ​ម្តុំ​ច្បារ​អំពៅ ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ដែល​មាន​ស្លាក​លេខ​ភ្នំពេញ 1DD-2449 រីឯ​ទូរស័ព្ទ​ឆក់​បាន​សម្រេច​នោះ ម៉ាក IPhone 6Plus ពណ៌​ស បណ្តាល​ឲ្យ​បែក​អេ​ក្រង់​។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ របស់​ជនជាតិ​ចិន​ទាំងនោះ ពិតប្រាកដ​មែន ក្រោយ​ពេលធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​បាន​កសាង សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចម្ការមន​៕

អត្ថបទដែលជាប់ទាក់ទង