មូលហេតុដែល ម៉ន សាម៉េត ចាញ់កីឡាករថៃ Phat Ngenthong
រាជធានីភ្នំពេញ ៖ កីឡាករ ម៉ន សាម៉េត គឺជាជើងខ្លាំងប្រចាំក្លឹប កងចក្ររាជសីហ៍មានរិទ្ធ ដែលមានប្រវត្តិវាយផ្ដួលកីឡាករបរទេសច្រើននាក់មកហើយ ដោយរាប់ទាំងកីឡាករដែលមានសមត្ថភាពខ្លាំងជាម្ចាស់ខ្សែក្រវាត់របស់ប្រទេសថៃផង។ ប៉ុន្តែការប្រកួតអន្តរជាតិកាលពីថ្ងៃទី១៧ មិថុនានេះ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យមុននេះ គេបែរជាចាញ់កីឡាករថៃ Phat Ngenthong ដែលត្រូវគេស្គាល់ថា មិនមែនជាជើងខ្លាំងណាស់ណាទៅវិញ។
ក្រោមការបរាជ័យដោយពិន្ទុក្នុងកណ្ដាប់ដៃកីឡាករថៃ Phat Ngenthong ដែលគេកត់សម្គាល់ថា កីឡាកររូបនោះ មិនមែនជាជើងខ្លាំងនោះ កីឡាករកម្ពុជា ម៉ន សាម៉េត បានសារភាពថា ហេតុផលដែលលោកបរាជ័យ គឺដោយសារតែលោកចាញ់កម្ពស់ និងកម្លាំងក្រោមដៃគូប្រកួតប៉ុណ្ណោះ ចំណែកបញ្ហាបច្ចេកទេសលោកថាខ្លួនមិនចាញ់ថៃទេ។ លោកនិយាយថា «ឲ្យឈ្នះគេយ៉ាងម៉េច បើវាខ្ពស់ជាង លូកទៅខាងណាក៏មិនចុះចឹងហ្នឹង សំណាងហើយខ្ញុំមានបច្ចេកទេសល្អ កុំអីសន្លប់ផស់វាបាត់ហើយ!»។ លោកថា មុនពេលឡើងប្រកួត លោកបានចំណាយពេលហ្វឹកហាត់គ្រប់គ្រាន់ ហើយបើមិនហ្វឹកហាត់បានច្រើនថ្ងៃនោះទេ គឺពិតជាមិនអាចទប់ជាមួយកីឡាករបានដល់ទឹកទី៥នោះទេ ជាពិសេសក្នុងពេលដែលកីឡាករថៃ វាយបកមកវិញម្ដងៗ។
យោងតាមការប្រកួតដែលបានធ្វើឡើង កីឡាករថៃ Phat Ngenthong មិនមានបច្ចេកទេស ឬស្នៀតណាមួយគួរឲ្យខ្លាច ដែលកីឡាករ ម៉ន សាម៉េត គួរខ្លាចនោះទេ ប៉ុន្តែអ្វីដែលគេជោគជ័យក្នុងការទប់ជាប់ការវាយលុកដ៏ខ្លាំងរបស់កីឡាករកម្ពុជា គឺដោយសារតែគេល្អ ក្នុងការគេច និងខ្ពស់ជាងដែលងាយក្នុងការទប់ស្នៀតរបស់កីឡាករកម្ពុជាប៉ុណ្ណោះ។ ក្នុងទឹកទី២ និងទី៣ កីឡាករ ម៉ន សាម៉េត ត្រូវគេឃើញស្ទុះស្ទារវាយចេញបានយ៉ាងល្អ ដោយបានទាំងម៉ាត់ និងកែងត្រូវចំកីឡាករជាច្រើនអន្លើនោះផង។ ប៉ុន្តែនៅទឹកទី៤ កីឡាករថៃហាក់មានប្រៀបជាង ដោយសារតែពេលកីឡាករកម្ពុជាវាយចេញលើកណា ក៏ត្រូវខ្ទាស់ជាប់ ហើយការវាយបកត្រលប់មកវិញ ក៏ធ្វើឲ្យកីឡាករកម្ពុជាទទួលរងកណ្ដាប់ដៃច្រើនជាង ទើបការបរាជ័យរបស់កីឡាករកម្ពុជា គឺជារឿងទទួលយកបានពីអ្នកគាំទ្រ៕