អាវុធហត្ថខណ្ឌ​មានជ័យ​ បើកប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ ២ទីតាំង ឃាត់ខ្លួនបានចំនួន ១០នាក់

ភ្នំពេញ​ ៖ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍អំពីទីតាំង​ដែលក្រុមក្មេងស្ទាវ​ពពាក់​ព​ពួន​គ្នា​ប្រើប្រាស់​គ្រឿងញៀន​​យ៉ាង​សប្បាយ​អើ​ង​ហើ​ង និង​ពេល​ខ្លះ​អាច​បែកគំនិត​រហូត​ប្រព្រឹត្តិ​នូវ​បទល្មើស​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ​ជាដើម ដើម្បី​យក​លុយ​មក​បំពេញ​ចំណង់ចិត្ត​ខ្លួន​ក្នុង​ការប្រើប្រាស់​គ្រឿងញៀន​នេះផងដែរ ទើប​កម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយនិងការិយាល័យ បទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានបើកប្រតិបត្តិការ ធ្វើការ​ចុះ​បង្ក្រាប​ ២ទីតាំងបន្តបន្ទាប់​គ្នា ដោយឃាត់ខ្លួនបានចំនួន ១០នាក់ និងរក​ឃើញរួមទាំងវត្ថុតាង ថ្នាំញៀន ចំនួន១៥ កញ្ចប់ផងដែរ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទាំង២ទីតាំង​នេះ ធ្វើឡើងនៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៨ ដោយទទួលបាន ពត៌មានពី​ប្រជា​ពលរដ្ឋ ចំណុចផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនបានចំនួន ១០នាក់ មានឈ្មោះដូចជា​ ៖ ១.ឈ្មោះចាន់ សារី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករទុញរទះ ស្នាក់នៅទួលសង្កែ ។ ២.ឈ្មោះកែម ដារ៉ាវុធ ហៅបារាំង ភេទប្រុស អាយុ២៨ឆ្នាំមុខរបរកម្មករ រោងពុម្ភ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ទី១។ ៣.ឈ្មោះផាត ភីលីប ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ១ ។ ៤.ឈ្មោះចាន់ តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។​ ៥.ឈ្មោះរស់ រ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅ ផ្ទះជួល ភូមិទ្រា១។ ៦.ឈ្មោះហែម វិញ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរអូសសំរាម ស្នាក់នៅភូមទ្រា។ ៧.ឈ្មោះលួន វិទូ ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបររើសអេតចាយ កន្លែងស្នាក់នៅមិនពិតប្រាកដ។​ ៨.ឈ្មោះយួន សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ រើសអេតចាយ កន្លែងស្នាក់នៅមិនពិតប្រាកដ។ ៩.ឈ្មោះ សូត្រ សុវណ្ណារ័ត្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១។​ ១០.ឈ្មោះហម សុខហៀង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅ ការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីសួរនាំបន្ត។

អាជ្ញាធរខណ្ឌមានជ័យ សូមបន្ត​​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ៊ុំ​មីង​ពូ ទាំងអស់​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​​ទាំងមូល ​​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់ពេលវេលា​ ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន ឬ​តម្រុយ​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើសច្បាប់​មិន​ថា តែ​ទីតាំង​ដែល​កំពុង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ឡើយ គឺ​រាល់​ទីតាំង​បទល្មើស​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា បៀរ អាប៉ោង កន្ទុយលេខ ជល់​មាន់​ជាដើម ដើម្បី​មាន​ភាព​ងាយស្រួល​ សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ចុះ​ទប់ស្កាត់​បង្ការ និង​បង្ក្រាប ឲ្យ​សម​ស្រប​ ទៅ​នឹង​គោលនយោបាយ​ទាំង​០៩​ចំណុច​ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប ដោយ​ភាព​សុ​ខុ​ដុម​រម្យ​នា​ជា​និរន្តរភាព​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ទៅ​ថ្ងៃ​មុខ ។

ជាចុងក្រោយលោក ពេជ្រ កែវមុនី​ ក្នុងនាមជាអភិបាល និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់ ​ដល់លោកចៅសង្កាត់ទាំង៧​ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ កុំបណ្ដែតបណ្ដោយអោយសោះ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ត្រូវចេះ​សហការគ្នាអនុវត្តបទបញ្ជា ដើម្បីធ្វើការអន្តរាគមន៍ ទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងទីតាំងល្បែងស៊ីសងគ្រប់ប្រភេទទាំងនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង