ប្រជានេសាទរស់នៅលើបឹងទន្លេសាបក្នុងខេត្តកំពង់ធំត្អូញត្អែរពីទិន្នផលត្រីថយចុះ!
កំពង់ធំ៖ ប្រជានេសាទភាគច្រើនរស់នៅ ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ស្ថានភាពត្រីនៅឆ្នាំ២០១៨ នេះ គឺថយចុះជាងឆ្នាំមុនៗ ធ្វើឲ្យពួកគាត់កាន់តែប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពេលពួកគាត់នេសាទត្រីមិនសូវបានច្រើនដូចឆ្នាំមុនៗឡើយ រហូតដល់ពេលខ្លះ ពួកគាត់ត្រូវរកចាប់ខ្យងដើម្បីយកទៅលក់ជំនួសឲ្យការរកត្រីទៅវិញ។
មន្ត្រីជំនាញជលផលខេត្ត ថាទិន្នផលត្រីមិនថយចុះទេ ប៉ុន្តែអាចដោយសារពលរដ្ឋប្រៀបធៀបមិនត្រូវតាមពេលវេលាប៉ុណ្ណោះ។
ប្រជានេសាទនៅឃុំពាមបាង មិនទាន់ដឹងប្រាកដអំពីមូលហេតុបណ្ដាលឲ្យទិន្នផលត្រីនៅតំបន់ពួកគេរស់នៅធ្លាក់ចុះជាងឆ្នាំមុនៗទេ។ ពលរដ្ឋខ្លះយល់ថា អាចដោយសារទឹកឆ្ក្ក្ងនឆ្នាំ២០១៨នេះឡើងគំហុកជាងឆ្នាំមុន ហើយឡើងខុសពេលវេលាត្រីពងផង ទើបធ្វើឲ្យត្រីខ្លះមិនទាន់ជម្រុះពងរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាត្រីថយចុះធ្វើឲ្យពួកគាត់ដែលរស់ពឹងអាស្រ័យលើការនេសាទតែមួយមុខនោះ ត្រូវជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ដូចជាគ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងមិនមានដីស្រែចម្ការសម្រាប់ធ្វើដូចពលរដ្ឋរស់នៅលើដីគោកឡើយ។
ប្រជានេសាទរស់នៅឃុំពាមបាង មានប្រសាសន៍ដូចៗគ្នាថា ទិន្នផលត្រីនៅឆ្នាំនេះថយចុះខ្លាំងជាងឆ្នាំមុនឆ្ងាយណាស់។ ពួកគាត់ថា កាលប៉ុន្មានឆ្នាំមុន បឹងអភិរក្សទន្លេឆ្មារីង និងមានត្រីងាប់ផង ប៉ុន្តែប៉ុន្តែពេលទឹកឡើងមក ត្រីនៅមានច្រើនគ្រាន់បើ ដោយពួកគាត់នេសាទក្នុងមួយថ្ងៃអាចបានចន្លោះពី ៥០ ទៅ ១០០គីឡូក្រាម។ ចំណែកនៅខែ១០ឆ្នាំ២០១៨ នោះ ប្រជានេសាទរកត្រីបានក្នុងមួយថ្ងៃមិនដល់ ១០គីឡូក្រាមផង។
ជាក់ស្តែង ដោយសារទិន្នផលត្រីថយចុះខ្លាំងនៅឆ្នាំនេះ ពលរដ្ឋមួយចំនួននាំគ្នារកខ្យងដើម្បីលក់ដូរគ្រាន់បានប្រាក់ចិញ្ចឹមគ្រួសារទៀតផង៖«អារឿងហ្នឹងវាពិបាកដែលបងអើយ! មួយៗឮតែពោលដែរថារកអីមិនបានសោះ ដាច់ហើយ អ្នកខ្លះទៅរាវខ្យងតាំងពីកូនចៅតូចស្រីប្រុសអស់ទៅហើយ»។
ពលរដភាគច្រើន្ឋត្អូញត្អែរថា ត្រីកាន់តែពិបាករក ចំណែកឧបករណ៍នេសាទរបស់ពួកគាត់ជាលក្ខណៈគ្រួសាររស់នៅលើផ្ទៃទឹក ក៏កាន់តែពិបាកនេសាទថែមទៀត ព្រោះមន្ត្រីជំនាញតែងចុះបង្ក្រាបជានិច្ច។ ពួកគាត់ស្នើសុំឲ្យរាជរដ្ឋាភិបាលកំណត់ឧបករណ៍នេសាទរបស់ពួកគាត់ដែលរស់ពឹងអាស្រ័យលើមុខរបរមួយនេះឲ្យបានច្បាស់លាស់ និងទូលាយជាងមុន ជៀសវាងធ្វើឲ្យពលរដ្ឋកាន់តែពិបាកក្នុងការប្រកបមុខរបរប្រចាំថ្ងៃរបស់ខ្លួន។
មន្ត្រីយោធាម្នាក់ ដែលឈរជើងនៅលើភ្នំច្រមុសបាននិយាយដោយសម្គាល់ថា ទិន្នផលត្រីនៅឆ្នាំនេះពិតជាធ្លាក់ចុះប្រាកដមែន។ ទិន្នផលត្រីថយចុះនៅតំបន់ពួកគាត់រស់នៅ គឺបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ពីព្រោះអ្នកភូមិស្ទើរតែទាំងអស់ទៅហើយដែលរស់ពឹងអាស្រ័យលើរបរនេសាទ។ លោកបញ្ជាក់ថា បទល្មើសនេសាទឆ្នាំនេះ ក៏មិនសូវមានច្រើនដូច
មុនៗដែរ ប៉ុន្តែត្រីនៅតែមិនសូវសម្បូរ៕