ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យើងត្រូវរួមគ្នាគូសវាសធ្វើយ៉ាងណាឱ្យអនាគតរបស់កម្ពុជាកាន់តែមានភាពរុងរឿង ប្រជាពលរដ្ឋមានជីវិតរស់នៅល្អ មានជីវភាពធូរធារ និងមានសុភមង្គលតជំនាន់
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ បានសង្កត់ធ្ងន់ថា ជោគវាសនាអនាគតរបស់ប្រទេសជាតិ គឺស្ថិតនៅលើ ដៃរបស់យើងទាំងអស់គ្នាដូច្នេះយើងត្រូវរួមគ្នាគូសវាសគិតគូរធ្វើយ៉ាងណាឱ្យអនាគតរបស់កម្ពុជាកាន់តែមានភាពរុងរឿង ប្រជាពលរដ្ឋមានជីវិតរស់នៅល្អ មានជីវភាពធូរធារ និង មានសុភមង្គលតជំនាន់ ។
ការលើកឡើងនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ និងការចុះអនុស្សរណ:នៃការយោគយល់គ្នារបស់សមាគមអ្នកវិនិយោគ អ្នក សាងសង់និងស្ថាបត្យករកម្ពុជា នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ។
ឯកឧត្តមឧបានយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ឱ្យសហការចូលរួមពិភាក្សាជាមួយក្រសួង ដើម្បីតាក់តែងគោលនយោបាយសាធារណៈលើកិច្ចការវិនិយោគ សំណង់ និងស្ថាបត្យកម្ម ឱ្យបានល្អជាប្រយោជន៍ក្នុងកិច្ចដំណើរការលើវិស័យទាំងនេះនៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវទស្សនទាននិងគំនិតមួយចំនួនដើម្បីឱ្យមានការឯកភាពគ្នានៅក្នុងសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជាក៏ដូចជាដំណើរការរបស់សង្គមជាតិផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់បន្ថែមថា ចំពោះការកសាងជាតិមិនមានអ្វីដែលលំបាកពេកទេសម្រាប់កម្ពុជា ព្រោះកម្ពុជាជាប្រទេសតូចនិងបានដើរលើផ្លូវដ៏ត្រឹមត្រូវ១តាំងពីក្រោយឆ្នាំ១៩៧៩រហូតមកដល់ពេលនេះ ដូច្នេះត្រូវបន្តការកសាងជាតិចាប់ពីពេលនេះតទៅមុខទៀត ត្រូវបោះជំហានឲ្យបានត្រឹមត្រូវឆ្ពោះទៅមុខ និងមិនត្រូវថយក្រោយឡើយដើម្បីប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ជារៀងរហូត ។
លោក សេង ប៊ុនវីរៈ ប្រធានគណៈកម្មាធិការប្រតិបត្តិ សមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានឱ្យដឹងថា ការផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់គ្នាទ្វេភាគី នាពេលនេះគឺ ៖
១. សហការ និងគាំទ្រគ្នាលើការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលាអប់រំ កម្មវិធីពិព័រណ៍ ការ ប្រកួតប្រជែងស្នាដៃ ការងារសង្គម មនុស្សធម៌ និងសប្បុរសធម៌
២. គាំទ្រគ្នាលើការផ្សារភ្ជាប់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៏ទាំងក្នុងនិងក្រៅប្រទេស ដោយធ្វើការ ជាមួយគ្នា
៣. ការទទួលសិស្សនិស្សិតចុះកម្មសិក្សាផ្ទាល់ដល់រោងចក្រ សហគ្រាស ក្រុមហ៊ុន ព្រមទាំងផ្តល់ឱ កាសហាត់ការ និងការងារ
៤. ការផ្តល់ឱកាសអាជីវកម្ម និងគម្រោងពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក
៥. ការជួយប្រឹក្សាយោបល់គ្នាទៅវិញទៅមក លើជំនាញវិជ្ជាជីវៈរបស់សមាគម ៕