ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្ដេជ្ញាដឹកនាំក្រសួងឱ្យសម្រេចបានភាពជោគជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា យើងទាំងអស់គ្នានឹងបន្តដំណើរទៅមុខក្នុងការដឹកនាំក្រសួងធ្វើយ៉ាងណាបន្សល់ទុកនូវយន្តការមួយប្រកបដោយភាពជោគជ័យ រក្សាបាននូវស្ថេរភាពកំណើនសេដ្ឋកិច្ចសម្រាប់ក្រសួងក៏ដូចជាប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានចំណុចអាទិភាពចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងស្ដីពីការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថានឹងប្រែក្លាយគំនិតយោបល់ដែលបានដាក់ជូនក្នុងអង្គប្រជុំនេះទៅជាទស្សនៈវិស័យសំរាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តទៅមុខទៀត។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីក្តីរីករាយពេញចិត្តចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានថ្លែងអំណរគុណចំពោះការចូលរួមផ្ដល់មតិយោបល់តាក់តែងរចនាសម្ព័ន្ធរបស់ក្រសួងសំរាប់អនាគត ៕