គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបើកកិច្ចប្រជុំក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធការងារសន្តិសុខសណ្តាប់ធ្នាប់ នឹងសុវត្តិភាពសង្គម
(ខេត្តកណ្តាល)៖ រសៀលថ្ងៃអង្គារ០៤កើត ខែអាសាឍ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាលបាបរៀបចំបើកកិច្ចប្រជុំក្រុមការងារពិសេស នៅសាលប្រជុំសាលាខេត្ត។ ដើម្បីត្រួតពិនិត្យការងារ នៃរដ្ឋបាលខេត្ត សម្រាបតាមដានការអនុវត្តគោលការណ៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធការងារសន្តិសុខសណ្តាប់ធ្នាប់ នឹងសុវត្តភាពសង្គម ក្រោមគណៈអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នឹងជាប្រធានក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់ នឹងសុវត្តិភាពសង្គម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
សូមជម្រាបថាៈ ប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ត្រូវពង្រឹងការអនុវត្តច្បាប់ស្ដីពីការបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសង ដោយមិនត្រូវឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទកើតមានក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួននោះឡើយ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងគ្រប់ប្រភេទឡើយ ហើយមន្ត្រីឬអាជ្ញាធរណាដែលនៅតែចេញលិខិតបើកល្បែងស៊ីសងនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានស្នើឱ្យអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពិនិត្យមើលសារជាថ្មីឡើងវិញនូវទីតាំងល្បែងស៊ីសងទាំងឡាយណា ដែលបានបិទនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ហើយចុះពិនិត្យតាមដានឡើងវិញ មិនត្រូវឱ្យមានទីតាំងណាមួយបើកដំណើរការឡើងវិញនោះទេ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថាៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៍បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ ទូទាំងខេត្តកណ្តាល ត្រូវអនុវត្តគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រីផងដែរ ដូចជាករណីពាក់ព័ន្ធ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន គ្រប់គ្រងនោះ ដែលកន្លងមកគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានធ្វើការបិទក្រុមហ៊ុនល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត៨១៩ ទីតាំង (ហើយនៅសល់៤ទីតាំង) គឺក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនៅមានសុពលភាពនោះ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីសមត្ថកិច្ចទាំងអស់មិនថា អាជ្ញាធរមូលដ្ឋានឬកងកម្លាំងត្រូវដកខ្លួនឱ្យផុតពីបញ្ហាល្បែងស៊ីសងខុសច្បាប់នេះជាបន្ទាន់ បើមានមន្ត្រីសមត្ថកិច្ចណាពាក់ព័ន្ធ និងល្បែងស៊ីសង ត្រូវចាត់វិធានការតាមច្បាប់ដោយមិនមានការយោគយល់ឡើយ។(សម្រួលដោយ ខ្មែរ រំភើយ)