កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចំនួន១៤៥គីឡូក្រាមនឹងឃាត់ខ្លួនជនបរទេសចំនូន៥នាក់
(ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ) ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយរឹបអូសវត្ថុតាងគ្រឿងញៀនបាន ចំនួន១៤៥គីឡូក្រាម និងឃាត់ខ្លួនឧក្រិដ្ឋជនដែលជាជនបរទេសចំនួន៥នាក់។
ដោយស្នងការរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌជ្រោយចង្វារ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឧក្រិដ្ឋជនទាំង៥នាក់ដែលសមត្ថកិច្ចបង្ក្រាបនឹងឃាត់ខ្លួនបាននេះ ម្នាក់ជាជនជាតិជប៉ុន និង៤នាក់ទៀត ជាជនជាតិចិនតៃវ៉ាន់។ ឯកឧត្តម បានបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ ទៅលើមុខសញ្ញាជនជាតិចិនតៃវ៉ាន់ មួយក្រុមកំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។
លុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០នឹង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ក្នុងករណីជួញដូរគ្រឿងញៀនខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន៣ដុំស្មើនឹង៣គីឡូក្រាម។បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤នឹង១០នាទី កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបនឹងឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន៤នាក់បន្ថែមទៀត ជាជនជាតិតៃវ៉ាន់៣នាក់ និងជនជាតិជប៉ុន១នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
១/ឈ្មោះ ស៊ូ ឈិន ភេទប្រុសអាយុ២៣ឆ្នាំ
២/ឈ្មោះ ហ័ង ហឺជៀន ភេទប្រុសអាយុ៣៥ឆ្នាំ។
៣/ឈ្មោះ ហ្វាង ចឹងជីន ភេទប្រុសអាយុ២០ឆ្នាំ។
៤/ឈ្មោះ ណូមូរ៉ា សូគីជី ភេទប្រុសអាយុ៧៦ឆ្នាំ។
សូមបញ្ចាក់ថាៈក្នុងហេតុការនោះកម្លាំងជំនាញបានឆែកឆេរទីតាំងស្នាក់នៅ និងទីតាំងរក្សាទុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនខុសច្បាប់ខាងលើចំនួន ៣ទីតាំងផ្សេងគ្នា ជាលទ្ធផលរកឃើញ ថ្នាំញៀនប្រភេទកេតាមីនចំនួន១៤២ដុំ ស្មើនឹង១៤២គីឡូក្រាម ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន២គីឡូក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣ ឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន(ខ្នាត១គីឡូក្រាម)ចំនួន២០០កញ្ចប់។
សរុបលទ្ធផលប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់និងជនជាតិជប៉ុន១នាក់ ដកហូតថ្នាំញៀនប្រភេទកេតាមីនសរុបទម្ងន់១៤៥គីឡូក្រាម។
ឯកឧត្តម បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសួរនាំជនសង្សយ័ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋទាំង៥នាក់ និងវត្ថុតាងគ្រឿងញៀន នៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។(ប្រភព ពីផេកតេឡេក្រាមអគ្គស្នងការនគរបាលជាតិ)