ឈើខុសច្បាប់ជាច្រើនរយកដុំ ដែលឈ្មួញដឹកជញ្ជូនយកមកស្តុកទុក នៅក្នុងឃ្លាំងស្តុកឈើមួយកន្លែង ជាប់ព្រំដែនកម្ពុជា-វៀតណាម ត្រូវកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះបង្ក្រាប និងរឹបអូសបាន!
ខេត្តរតនគិរី៖ ឈើប្រណិតជាច្រើនរយដុំ និងច្រើនប្រភេទចម្រុះគ្នា ដែលគេដឹងថា មានតម្លៃច្រើនម៉ឺនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះបង្ក្រាប និងរឹបអូសបាននៅក្នុងឃ្លាំងស្តុកទុកឈើខុសច្បាប់មួយ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីម៉ោងជិត៤រសៀល ថ្ងៃទី១៣សីហា២០១៨ ម្សិលមិញនេះ។
នៅក្នុងប្រតិបត្តិការឡោមព័ទ្ធ និងឈានទៅឆែកឆេរឃ្លាំងស្តុកឈើដ៏ធំមួយកន្លែង នៅជិតព្រំដែនកម្ពុជា-វៀតណាម របស់កម្លាំងសមត្ថកិច្ចចម្រុះខេត្ត និងស្រុកអូរយ៉ាដាវនោះ គឺធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធី ដោយស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តរតនគិរី ផងនោះដែរ។
មន្ត្រីនៅក្នុងការបង្ក្រាបឈើនោះ បានបង្ហើបឲ្យដឹងថា ឈើដែលរងការបង្ក្រាប និងរឹបអូសនៅពេលនោះ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ គឺឈើទាំងនោះឈ្មួញជនជាតិ វៀតណាម បានចូលមកឈរជើងចាំប្រមូលទិញ ពីអ្នកដឹកឈើតាមម៉ូតូ ឬរ៉ឺម៉កនោះជាដើម ហើយនាំយកមកស្តុកទុកនៅក្នុងឃ្លាំងមួយនេះ ដែលជាដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកកថា ឈើប្រណិតទាំងនេះ មានជាច្រើនប្រភេទ មានដូចជា ឈើស្រឡៅ ឈើកកោះ ឈើសុក្រំ និងមានជាច្រើនមុខនោះផងទៀត ហើយតាំងពីរសៀលថ្ងៃម្សិលមិញ រហូតមកដល់នឹងពេលនេះ កម្លាំងសមត្ថកិច្ច កំពុងរកមធ្យោបាយ ដឹកជញ្ជូន យកទៅរក្សាទុកនោះហើយ និងឈើដែលត្រូវរឹប អូសនោះ បើតាមការប៉ាន់ប្រមាណ មានមិនក្រោមពី៦ម៉ែត្រ គូបត្រីគុណនោះទេ។
ពាក់ព័ន្ធនឹងការនាំយកឈើមកស្តុក សំរាប់ដឹកចេញយកទៅលក់ឆ្លងដែនទៅកាន់ប្រ ទេសវៀតណាមនេះ ត្រូវបានម្ចាស់ផ្ទះស្តុកឈើនេះ អះអាងថា ឈ្មួញជនជាតិវៀតណាម បានមកសុំដីរបស់គាត់ ដើម្បីស្តុកទុកឈើនេះ នៅពេលប្រមូលទិញបានច្រើន ពីអ្នកដឹកតាមម៉ូតូ ឬមធ្យោបាយផ្សេងៗទៀតនោះ ឈ្មួញវៀតណាមនឹងដឹកឈើនេះ ចេញ ទៅប្រទេសវៀតណាម ដើម្បីលក់នៅទីនោះ។
លោកថា លោកទទួលបានប្រាក់បន្តិចបន្តួច គ្រាន់ចិញ្ចឹមជីវភាព ពីការឲ្យទីតាំងដីស្តុកឈើ ដល់ឈ្មួញជនជាតិវៀតណាមនោះ ហើយក៏មិននឹកស្មានថា ត្រូវសមត្ថកិច្ចចុះមកបង្ក្រាបយ៉ាងដូច្នោះដែរ។ ទីតាំងស្តុកឈើនោះ គឺមានហ៊ុំព័ទ្ធដោយរបង និងមានដាំដើមម្រេចនៅតាមរបង និងដីឡូតិ៍នោះផងទៀត។
ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ លោកបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃនេះថា លោកបានបញ្ជាឲ្យសមត្ថកិច្ចចម្រុះ ចុះឆែកឆេរ និងរឹមអូសឈើទាំងនោះមែន ព្រោះវាជាបទល្មើស ក្រោយពីទទួលបានការរាយការណ៍ ពីមន្ត្រីជំនាញប្រចាំតំបន់នោះរួចមក។
លោកបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ លោកមិនទាន់ទទួលបានរូបភាព និងរបាយការណ៍ ក្នុងប្រតិបត្តិការបង្ក្រាបឈើនោះ ពីសមត្ថកិច្ចដែលចុះទៅបង្ក្រាបនៅឡើយទេ។ លោកបញ្ជាក់ទៀតថា ចំពោះម្ចាស់ផ្ទះដែលអនុញ្ញាតឲ្យមានការដឹកឈើចូលយកមកស្តុកទុកខុសច្បាប់នេះ លោកនឹងពិភាក្សាគ្នាជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្ត ថាតើត្រូវមានវិធានការបែបណានៅពេលក្រោយ? ។
សូមបញ្ជាក់ផងដែរថា បើការបង្ហើបឲ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់ព្រំដែននោះថា សកម្មភាពដឹកជញ្ជូនឈើឆ្លងដែន ពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នាបច្ចុប្បន្ននេះ គេនៅតែ កត់សំគាល់ឃើញថា គឺនៅតែមិនមានការថមថយនោះឡើយ បើទោះបីជានៅពេលយប់ហើយក៏ដោយ ក៏ច្រកទ្វារមួយនេះនៅតែបន្តបើកចំហរ សំរាប់រថយន្តដឹកឈើគ្រប់ប្រភេទ ឆ្លងដែនទៅបានយ៉ាងរលូននោះដែរ៕ដោយ៖ឡុង សំបូរ