អ្នកទោសអាយុ៦១ឆ្នាំម្នាក់ សម្លាប់ខ្លួន មិនដឹងមូលហេតុ..!!
ខេត្តរតនគិរី÷ អ្នកទោសជនជាតិ វៀតណាមចាប់ចោទពីបទ ជួញដូរថ្នាំញៀនម្នាក់ បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ រសៀលថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចពន្ធនាគារភ្នំស្វាយ ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោក អ៊ុក គឹមជុន ប្រធានពន្ធនាគារខេត្តបានឲ្យ អ្នក យកព័ត៍មានយើង ដឹងនៅព្រឹកថ្ងៃទី៨ ខែសីហានេះ ថា រឿងបញ្ហាជនជាតិវៀតណាមស្លាប់នេះ លោកមិនបានដឹងទេ ឲ្យទៅសួរតុលាការទៅលោកជាប់រវល់ប្រជុំ បានន័យថាលោកមិនទទួលខុសត្រូវលើជនជាតិវៀតណាមដែលស្លាប់នោះទេ បែរជាឲ្យអ្នកកាសែតទៅសួរតុលាការទៅវិញលោកជាប្រធានពន្ធនាគារខេត្តឆ្លើយបែបនេះគឺយករួចខ្លួន។
អ្នកទោសជនជាតិវៀតណាមឈ្មោះ ចូវ វាងដាំង ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិវៀតណាម ជាប់ពន្ធនាគារ ពីបទជួញ ដូរថ្នាំញៀន ដោយជាប់ឃុំឃាំងកាលពីឆ្នាំ២០១២ នៅភ្នំពេញ ហើយបានផ្ទេរមកខេត្តរតនគិរី កាលពីឆ្នាំ២០១៦ ដែលមានទោសពិន័យ៣០ឆ្នាំ ។ អ្នកទោសរូបនេះធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) ក្នុងបន្ទប់ទឹក ត្រង់អគារB ចំណុចបន្ទប់B4 ក្នុងពន្ធនាគារខេត្តរតនគិរី ហើយការធ្វើអត្តឃាតនេះ រកមូលហេតុមិនឃើញនោះទេ។
សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបានពិនិត្យរួចរាល់ ទើបធ្វើលិខិតប្រគល់សពជូនសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណីនៅប្រទេសវៀតណាមវិញ៕ដោយ តាជួង