ទូកដឹកឈើប្រណិតមួយគ្រឿងចេញពីស្រុកសៀមប៉ាងត្រូវបានបង្ក្រាបទៀតហើយនៅខេត្តស្ទឹងត្រែង!
ស្ទឹងត្រែង៖ បទល្មើសដឹកជញ្ជូនឈើប្រណិតនិងឈើប្រភេទលេខ១តាមរយៈការប្រើប្រាស់ទូកធំៗនាពេលខែវស្សានេះត្រូវគេសង្គេតឃើញក្រុមឈ្មួញបានធ្វើសកម្មភាពនាពេលយប់ហើយធ្វើការលួចដឹកជញ្ជូនឈើខុសច្បាប់ហើយជាក់ស្តែងកាលពីយប់ថ្ងៃទី៦សីហា២០១៨ស្ថិតនៅចំនុចវាលខ្សាច់ដុងតាដាំក្នុងភូមិស្រែពោធ៏សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងមានទូកធំដឹកឈើប្រណិតចំនួនមួយគ្រឿងត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងចុះបង្ក្រាបដែលគេសង្ស័យថាឈ្មោះ យាយ រី ជាម្ចាស់ឈើ។
តាមប្រភពបានអោយដឹងថាទូកដឹកឈើធំៗដែលធ្វើសកម្មភាពលួចដឹកចេញជារៀងរាល់ថ្ងៃយប់នោះគឺចេញពីចំនុចកោះឬស្សីក្នុងស្រុកសៀមប៉ាងចូលមកកាន់ខេត្តស្ទឹងត្រែងនិងឆ្លងទៅកាន់ខេត្តផ្សេងៗទៀតដោយមិនបានខ្លាចញញើតនិងសមត្ថកិច្ចនោះឡើយគ្រាដែលទឹកទន្លេនាខែវស្សានេះបានកើនឡើងនិងធ្វើអោយក្រុមឈ្មួញងាកទៅធ្វើការដឹកជញ្ជូនតាមរយៈផ្លូវទឹកវិញ។
ប្រភពបន្តថាមេឈ្មួញធំៗដែលតែងតែធ្វើការដឹកជញ្ជូនឈើប្រណិតតាមផ្លូវទឹកទន្លេសេកុងនិងទឹកទន្លេមេគង្គជារៀងរាល់ថ្ងៃយប់គឺត្រូវគេសង្ស័យថាមានម្ចាស់ឈ្មោះ យាយ រី តែម្នាក់ប៉ុនណ្ណោះជាជើងខ្លាំងប្រចាំដែនដីខេត្តស្ទឹងត្រែងដោយប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនឈើប្រណិតតាមផ្លូវទឹកជាយូរមកហើយ មិនដែលសមត្ថកិច្ចបង្ក្រាបបាននោះទេ។
លោក ហ៊ុន សំអឿន មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានអោយដឹងថាទូកដែលដឹកឈើប្រណិតហើយត្រូវបានសមត្ថកិច្ចសហការគ្នាបង្ក្រាបបាននោះគឺបន្ទាប់ពីមានការរាយការណ៏សម្ងាត់មកថាមានការលើកឈើនៅចំណុចខាងលើទើបសមត្ថកិច្ចបានចុះទៅពិនិត្យមើលផ្ទាល់ឃើញពិតប្រាកដរួចនាំយកទៅកាន់កំពង់សាឡាងខេត្តស្ទឹងត្រែងរងចាំពេលព្រឹកឡើងទើបនាំយកទៅរក្សាទុកក្នុងផ្ទះខណ្ឌរដ្ឋបាលព្រៃឈើ។
លោកបន្តថានៅព្រឹកថ្ងៃទី៧សីហាឈើប្រណិតទាំងអស់បាននាំយកទៅរក្សាទុករួចរាល់អស់ហើយ ហើយឈើដែលបង្ក្រាបបានជាប្រភេទឈើធ្នង់សុទ្ធមានចំនួន៥២ដុំធំតូច។ឡុងកាន់សំនៀង