អភិបាលខេត្តរតនគិរីសំដែងការមិនពេញចិត្ត ចំពោះក្រុមហ៊ុន ដែលមិនបំពេញកាតព្វកិច្ចបង់ចំណូលជូនរដ្ឋលើស្លាក ប៉ាណូ យីហោ ហើយថែមទាំងប្ដឹងមន្ត្រីចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្តទៀត
ខេត្តរតនគិរី ៖ លោកប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងមន្ត្រីក្រោមឱវាតម្នាក់ ត្រូវតំណាងអយ្យកាអមសាលាដំបូងខេត្តរតនគិរី ចោទប្រកាន់ពីបទ ផ្ដើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតស្រាលលើសម្ប្តតិ្តអ្នកដទៃ និងបង្គាប់ឲ្យចូលខ្លួន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីតំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ វរៈប៊ុនថាំ ឈ្មោះ សួរ វិរៈ បានដាក់ពាក្យបណ្ដឹង ក្រោយពេលមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ចុះអនុវត្តវិធានការ ស.ជ.ណ របស់រដ្ឋបាលខេត្ត លើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាប់ជញ្ជាំងអគារ ស្លាកយីហោ ប៉ាណូ នៅតាមដងផ្លូវសាធារណៈ ដែលហួសសុពលភាពមិនបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
លោក សួរ វីរៈ តំណាងក្រុមហ៊ុន វីរៈ ប៊ុនថាំ មិនត្រឹមតែមិនបំពេញកាតព្វកិច្ច បង់ចំណូលជូនរដ្ឋ លើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈ អាហ្វីស ប៉ាណូ និងនៅតាមទីសាធារណៈប៉ុណ្ណោះទេ ថែមទាំងប្ដឹងចោទប្រកាន់លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី និងលោក ងួន ក្រែង អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងលោកអភិបាលរងក្រុង ថាចុះរុះរើ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន ដោយមិនមានការយល់ព្រមពីភាគីក្រុមហ៊ុនទៀតផង។ ហើយក្នុងពាក្យបណ្ដឹងនោះ ហាក់មានចេតនា បង្គាប់ឲ្យឯកឧត្ដមព្រះរាជអាជ្ញា អនុវត្តតាមបញ្ញាត្តិ នៃមាត្រា ៤១០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ហើយចោទមន្ត្រីចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្ត ពីករណីព្រហ្មទណ្ឌ ថែមទាំងសំណូមពរសូមឲ្យតុលាការផ្ដន្ទាទោស និង ទាសំណងជម្ងឺចិត្តចំនួន២០០.០០០.០០០៛ ពីរ រយលានរៀលថែមទៀតផង។
ពាក់ព័ន្ធនឹងការប្ដឹងចោទប្រកាន់ខាងលើនេះ លោក កុល ផាន់ណា បានឲ្យដឹងថា បន្ទាប់ពីទទួលបាន ស.ជ.ណ របស់រដ្ឋបាលខេត្តប្រគល់ជូនមន្ទីរព័ត៌មាន ដើម្បីចូលរួមក្នុងការលើកកម្ពស់សុវិត្ថភាព សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈល្អ និងធានាឲ្យការអនុវត្តកិច្ចការនេះ មានដំណើការស្របតាមការណែនាំ។ដោយ រដ្ឋបាលខេត្តរតនគិរី បានប្រគល់ជូនការងារនេះ ដល់មន្ទីរព័ត៌មានខេត្ត អោយសហការជាមួយច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត មន្ទីរសាធារណៈការ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរក្រុងបានលុង ចុះអនុវត្ដ គ្រាដែលសេចក្ដីជូនដំណឹងផុតកំណត់រយៈពេល ១ខែ នៃសេចក្ដីប្រកាសជូនដំណឹង ដល់សហគ្រាស ក្រុមហ៊ុន និងអាជីវករ ដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណា ដែលស្ថិតនៅលើជាប់ជញ្ជាំងអគារ នៅលើដីចំណីផ្លូវសាធារណៈ ដែលអស់សុពលភាព ឬ គ្មានច្បាប់អនុញ្ញាតិ និងចាស់ទ្រុឌទ្រោម ពុកផុយ ត្រូវចាត់វិធានការរុះរើ។ លោកប្រធានមន្ទីរព័ត៌មានបានបន្តថា លោកមិនបានចុះទៅផ្ទាល់ លោកក៏បានចាត់អ្នកស្រីអនុប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាត សហការតាមការណែនាំរបស់រដ្ឋបាលខេត្ត។ គ្រាចុះអនុវត្តកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នោះ កម្លាំងចំរុះ ក៏បានអនុវត្តបានចំនួន ១២ទីតាំង ដោយធ្វើការណែនាំបានចំនួន ៦ទីតាំង ,បកមុខ(ឆ្កើសយកតួរអក្សរចេញ)បានចំនួន ៤ទីតាំង និងកាត់ផ្ទាំងផ្សព្វផ្សាយ បានចំនួន ២ទីតាំង។ លោកប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ក៏បានបញ្ជាក់ទៀតថា ក្នុងការបកមុខឆ្កើសយកតួរអក្សរចេញ ក៏ដោយសារម្ចាស់ទីតាំងសំណូមពរអោយធ្វើដូច្នេះ ចំណែកក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏តំណាងសាខាសុំសំណូមពរឲ្យឆ្កើសអក្សរចេញដូចគ្នាដែរ។ តែមិនដឹងថាហេតុអ្វី បានជាតំណាងក្រុមហ៊ុន ប្ដឹងថាគ្មានការយល់ព្រមទៅវិញ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា សាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ ខេត្តរតនគិរី មិនបានបំពេញកាតព្វកិច្ចបង់ចំណូលលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាប់ជញ្ជាំងនេះ ជាច្រើនឆ្នាំមកហើយ។
លោក ងួន ក្រែង អនុប្រធានការិយាល័យព័ត៌មាន និងសោទស្សន៍ ក៏បានឲ្យដឹងដែរថា ការចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្តនោះ មិនមែនមន្ទីរព័ត៌មានចុះទៅតែឯងទេ គឺមានការសហការ ពីជំនាញពាក់ពន័្ធ និងអាជ្ញាធរក្រុង។ តាមពិតស្លាកយីហោ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ត្រូវរុះរើចេញ តែដោយសារការសំណូមពរ របស់តំណាងសាខាក្រុមហ៊ុន សុំឲ្យត្រឹមឆ្កើសយកអក្សរចេញ ព្រមទាំងមានការឯកភាព ពីក្រុមមន្ត្រីចុះអនុវត្តច្បាប់ទាំងអស់ ក៏បានត្រឹមឆ្កើសយកអក្សរតែប៉ុណ្ណោះ។
ក្នុងករណីក្រុមហ៊ុន វីរៈ ប៊ុនថាំ ប្ដឹងលោកប្រធានមន្ទីរព័ត៌មាន និងមន្ត្រីក្រោមឱវាតនេះដែរ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសំដែងការមិនពេញចិត្តដូច្នេះថា ការប្ដឹងរបស់ក្រុមហ៊ុននេះ មិនសមស្របទេ ពីព្រោះខាងមន្ទីរ មុននឹងចុះរុះរើ ខេត្តក៏បានជូនដំណឹងទៅដែរ ហើយមន្ទីរក៏អមតាមការជូនដំណឹងរបស់ខេត្ដ ចំណែកការជូនដំណឹងនេះ គឺខេត្តយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចេញដោយសម្ដេច ឲ្យរុះរើប៉ាណូទាំងឡាយណា ដែលមិនបានអនុវត្តគោរពតាមច្បាប់។ ហើយអ្នកអនុវត្ត គឺមន្ទីរព័ត៌មាន សហការជាមួយអ្នកពាក់ព័ន្ធ ដូចជា មន្ទីរជំនាញ អាជ្ញាធរក្រុង សង្កាត់។ ឯកឧត្ដមបន្តថា ការងារនេះ ជាការងាររដ្ឋបាលធម្មតា ចុះហេតុអីបានជាមានពាក្យបណ្ដឹង រហូតដល់ព្រះរាជអាជ្ញា មានការចោទប្រកាន់ថែមទៀត។ ឯកឧត្ដមបញ្ជាក់ថា ចុះហេតុអី លិខិតជូនដំណឹង ដល់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ៤ទៅ ៥ដងហើយម៉េចមិនជជែកគ្នា ថាតើយ៉ាងម៉េច
មានមូលហេតុអី។ អាជ្ញាធរអនុវត្តតាមលិខិតបទដ្ឋានរបស់ក្រសួង ដោយមានការយោគយល់ច្រើនណាស់។
គួរបញ្ជាក់ថា ក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈ ប៊ុនថាំ សាខាខេត្តរតនគិរី មានទីតាំងស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលគេស្គាល់ថាមានលោក យោគ ច័ន្ទវាសនា ជានាយកសាខា និងមានតួនាទីជាមន្ត្រីធនាគាជាតិខេត្តរតនគិរីម្នាក់ ផងដែរ។
ក៏ប៉ុន្តែ អ្វីដែលមហាជនហួសចិត្តនោះ គឺក្រុមហ៊ុន វីរៈ ប៊ុនថាំ បែរជាប្ដឹងមន្ត្រីចុះអនុវត្ត ស.ជ.ណ របស់រដ្ឋបាលខេត្ត ក៏ដូចជា ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ថែមទាំងប្រឆាំងនឹងលិខិតលេខ ០១០ ខន/០២៣ សជណ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ របស់ខុទ្ធកាល័យសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ដោយ ភួង ផុន