គួរឲ្យរន្ធត់ណាស់ បុរសម្នាក់រត់ចូលរថភ្លើង ត្រូវរថភ្លើងកិនដាច់ខ្លួនជា២កំណាត់ ស្លាប់ភ្លាមៗ
ភ្នំពេញ៖ បុរសម្នាក់បានដាច់ខ្លួនជាពីរកំណាត់ និងបែកសាច់រប៉ាត់រប៉ាយលើផ្លូវដែក ស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនរស់នៅក្បែរកន្លែងកើតហេតុ កាលម៉ោងវេលាម៉ោង០២ និង៣០ នាទី រសៀល ថ្ងៃ១ ខែសីហា ឆ្នាំ ២០១៨ នៅត្រង់ចំណុចផ្លូវដែក ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សន សុវឌ្ឍនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកជួបជុំមិត្តភ័ក្រដែលរាប់អានគ្នានៅទីតាំងកើតហេតុ និងផឹកស៊ីដូចជាការហូបបាយថ្ងៃ ។ ពេលកម្មវិធីផឹកស៊ីបានចប់ក៏បែកគ្នា ស្របពេលនោះមានរថភ្លើងបានធ្វើដំណើរឆ្លងកាត់ពីកើតទៅលិចចំទីតាំងកន្លែងជនរងគ្រោះ ស្រាប់តែជនរងគ្រោះបានរត់ចូលរថភ្លើងត្រង់ពាក់កណ្តាល ដោយមិនដឹងមូលហេតុអ្វីឡើយ ហើយត្រូវរថភ្លើងកិនពាក់កណ្ដាលខ្លួនដាច់ចេញជាពីរ ស្លាប់យ៉ាងអាណោចអធម៌តែម្ដង ។
បើយោងតាមអ្នកបើកបររថភ្លើង បានមើលតាមកាំមេរ៉ាសុវត្ថិភាព ប្រាប់ឲ្យដឹងថា រថភ្លើងមិនបានបុកមនុស្សដើរស្របឬលើផ្លូវដែកទេ នៅពេលដែររថភ្លើងធ្វើដំណើរឆ្លងកាត់ម្តង និងតែងតែចុចស៊ីផ្លេនិងមានអ្នកបិតបើកប៉ារ៉ាស់នៅពេលឆ្លងកាត់ផ្លូវថ្នល់ តែជនរងគ្រោះមានបំណង រត់មកចូលរថភ្លើងធ្វើអត្តឃាតដោយខ្លួនឯង ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះមកត្រួតពិនិត្យ ដើម្បីផ្តល់ដំណឹង និងស្វែងរកសាច់ញាត្តិមកទទួលយក សពទៅធ្វើបុណ្យតាមប្រពៃណី រីឯរថភ្លើងបានបន្តដំណើរចេញទៅធម្មតា៕អត្ថបទ៖ហេងវត្ថា