បញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច និងគ្រឿងញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះប្រតិបត្តិការភ្លាមៗ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចលុយ និងពាក់ព័ន្ធគ្រឿងញៀន នៅវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា។
ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងយោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ចៅ ស៊ាវម៉ី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖
*ទី១៖ ឈ្មោះ អង់ ម៉ុន អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
*ទី២៖ ឈ្មោះ ទូច លីជ្រុយ (តេវ) អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃម៉ាក VIVO ពណ៌ទឹកប៊ិច ចំនួន១គ្រឿង, ប្រាក់ខ្មែរ ចំនួន៣០០,០០០រៀល និងប្រាក់ដុល្លារ ចំនួន២០ដុល្លារ, ម៉ូតូម៉ាកនិច ពណ៌ស គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ទូរស័ព្ទម៉ាក NOKIA ចុចពិល ចំនួន១គ្រឿង, គ្រឿងញៀនមេតំហ្វេតាមីនម្សៅក្រាមសថ្លាចំនួន០១កូនថង់កិប។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា នៅថ្ងៃនោះ ក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាព លួចយកកាបូបប្រាក់ និងទូរស័ព្ទដៃដែលជនរងគ្រោះ ខណៈទៅមើលការតាំងពិព័រណ៌នៅសួនមានជ័យ ភ្លាមៗជនរងគ្រោះ បានរាយការណ៍ជូនកងកម្លាំងអាវុធហត្ថប្រចាំការនៅទីនោះ លោកក៏បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿង និងកាបូបលុយរបស់ជនរងគ្រោះ នាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានលួចកាបូបលុយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំង មូលដ្ឋានអាវុធហត្ថក្រុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងរបស់ជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញ៕