ថ្នាក់ដឹកនាំខេត្តរតនគិរីអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ស្តិតនៅក្រុងបានលុង

ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ លោក ប៊ូ ថង ប្រធានក្រុមការងារថ្នាក់ជាតិ លោក លី ធុជ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី លោក ម៉ួង ប៉យ សមាជិកព្រឹទ្ធសភា

លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្តរតនគិរី អញ្ជើញទៅបោះឆ្នោត នៅការិយាល័យ សាលាបឋមសិក្សា ទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ក្រោយពីថ្នាក់ដឹកនាំខេត្តបោះឆ្នោតរួចមកក៏សង្កេតឃើញប្រជាពលរដ្ឋជាច្រើននាក់ ដែលមានឈ្មោះទៅបោះឆ្នោតនោះបានក្រោកពីព្រលឹម មកឈរជាជួៗ រង់ចាំនៅមុខ ការិយាល័យបោះឆ្នោត ហើយពួកគាត់មានទឹកមុខសប្បាយរីករាយក្រៃលែង ដើម្បីសម្តែងនូវឆន្ទៈ ពួកគេក្នុងការជ្រើសរើស មេដឹកនាំដែលខ្លួនពេញចិត្តនោះ ។

លោក ប៉ែន ឈុនឌី ប្រធាន គ.ជ.ប ខេត្តរតនគិរី បានឲ្យដឹងថា ទូទាំងខេត្ត មានអ្នកចុះឈ្មោះ ៩៥,៣៨១ នាក់ ការិយាល័យបោះឆ្នោត មាន២៧៥ មណ្ឌល គណបក្សនយោបាយ ចំនួន១១ គណបក្ស អ្នកសង្កេតការណ៍ជាតិ ២៧២នាក់ ក្នុងនោះស្រី១០៤នាក់ និងភ្នាក់ងារ គណបក្សនយោបាយ ចំនួន៦៤៤នាក់ ក្នុងនោះស្រី៦១នាក់ ។

លោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់តាមការិយាល័យ បោះឆ្នោតទូទាំងខេត្ត ពុំមានអ្វីកើតឡើងនោះទេ គឺប្រព្រឹត្តទៅដោយយ៉ាងរលូន ៕ដោយ តាជួង

អត្ថបទដែលជាប់ទាក់ទង