ពលករខ្មែរ ដែលបម្រើការនៅប្រទេសថៃ សម្រុកមកលេងស្រុកកំណើត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមច្រកព្រំដែនអន្តរជាតិដូង
(បាត់ដំបង)៖ ជាក់ស្តែងនៅថ្ងៃទី១២ ខែតុលា ឆ្ឆ្នាំ២០២៣ នៅច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង សង្កេតឃើញពលករខ្មែរ ជាច្រើននាក់ បានចូលមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញមានបងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ បានធ្វើដំណើរមកលេងស្រុកកំណើតជាបន្តបន្ទាប់ នៅតាមច្រកព្រំដែននានា ហើយមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកនីមួយៗ បានសម្រួលការធ្វើដំណើរចេញ-ចូល របស់បងប្អូនពលករបានយ៉ាងល្អប្រសើរ និងឆាប់រហ័ស។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង ក៏បានបែងចែកកម្លាំងតាមគោលដៅ ដើម្បីទទួលបដិសណ្ឋារកិច្ច និងសម្របសម្រួលបែបបទជូន បងប្អូនពលករឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
លោកនាយប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិដូង ក៏បានចែកក្រមា ជូនដល់បងប្អូនពលករខ្មែរត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងបងប្អូនពលករខ្មែរចេញទៅធ្វើការនៅប្រទេសថៃ ចំនួន៥០០ក្រមា ដើម្បីទុកជាអនុស្សាវរីយផងដែរ៕