ថ្នាក់ដឹកនាំខេត្តរតនគិរី ប្រជុំវាយតម្លៃផលប៉ះពាល់គ្រោះទឹកជំនន់ និងត្រៀមវិធានការឆ្លើយតបបន្ទាន់ នាពេលខាងមុខ

(រតនគិរី)÷ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត ដើម្បីពិនិត្យលើបញ្ហាគ្រោះទឹកជំនន់កន្លងមក និងដាក់ចេញនូវវិធានការត្រៀមបង្ការ និងការឆ្លើយតបសង្គ្រោះបន្ទាន់ នាពេលខាងមុខ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា យោងទៅតាមស្ថានភាពការប្រែប្រួលអាកាសធាតុកន្លងមកបានបង្កឲ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ បង្កឡើងជាទឹកជំនន់ និងបង្កនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គ្រោះ ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

ទន្ទឹមគ្នានេះ អភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់អង្គភាព អង្គការដៃគូរសង្គមស៊ីវិល ចូលរួមសហការគ្នាក្នុងសកម្មភាពសង្គ្រោះប្រជាពលរដ្ឋ តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន និងត្រៀមវិធានការសរុប មធ្យោបាយសរុប កម្លាំងសរុបសម្រាប់អន្តរាគមន៍ក្នុងករណីកើតមានគ្រោះធម្មជាតិជាយថាហេតុ។ ក្នុងនោះផងដែរអាជ្ញាធរមូលដ្ឋានត្រូវរក្សាឲ្យបាននូវទីតាំងទួលសុវត្ថិភាព ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងមូលដ្ឋានពេលមានករណីគ្រោះមហន្តរាយកើតឡើង។

តាមរបាយការណ៍កិច្ចប្រជុំឲ្យដឹងថា ជំនន់ទឹកទន្លេសេសាន្តកន្លងមកនៅក្នុងខេត្តរតនគិរី បានបង្ករនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន្តស្ថិតនៅក្នុងស្រុកតាវែង និងស្រុកវើនសៃ ប្រមាណជាង១ពាន់គ្រួសារ និងប៉ះពាល់ទ្រព្យសម្បត្តិ ដីស្រែចម្ការមួយចំនួន ប៉ុន្តែជំនន់ទឹកទន្លេសេសាន្តជាតំបន់ខ្ពង់រាប ឆាប់ស្រកទៅវិញ ដូចនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើង៕ វុទ្ធ ឦសាន

អត្ថបទដែលជាប់ទាក់ទង