ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
នារសៀលថ្ងៃព្រហស្បតិ៍៥រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ពិធីនេះមានការអញ្ជើចូលរួមពី ឯកឧត្តម គណៈប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង ៨ លោក លោកស្រី ស្នងការរងនគរបាលខេត្ត នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ប្រធានវរសេនាតូចការពារព្រំដែន អធិការនគរបាលក្រុង-ស្រុក លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយប៉ុស្តិ៍នគរបាលការពារព្រុំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៥៧នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូអមដំណើរ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នាពេលនេះ ។
ឯកឧត្តមបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ ដែលកន្លងមកបានខិតខំប្រែងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ទាំងក្នុងកិច្ចការជំនាញ និងកិច្ចការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ទាំងក្នុងឱកាសបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីធំៗដែលខេត្តបានរៀបចំ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការធានានូវកិច្ចការពារស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពនៅក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយទន្ទឹមនោះភាពជោគជ័យ នៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្ត នាពេលកន្លងមក ក៏មានការរួមចំណែកមិនអាចខ្វះបានពីកងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មបំផុតទាំងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការអនុវត្តវិធានការផ្សព្វផ្សាយអប់រំ ការពារ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ ។
ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ទោ កឹង ឃន ជាថ្នាក់ដឹកនាំកងកម្លាំងមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យដឹកនាំខ្ពស់ ដែលក្នុងរយៈពេល នៃការកាន់មុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រយៈពេល ១០ឆ្នាំ កន្លងមកនេះ ឯកឧត្ដម មិនត្រឹមតែបានចូលរួមដឹកនាំ គ្រប់គ្រង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការល្អជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដោយបានបង្កើតស្នាដៃធំៗជាច្រើនក្នុងការងារថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត ដែលជាកត្ដាចម្បងធានាបាននូវប្រក្រតីភាពជីវភាពសង្គមលើគ្រប់វិស័យ និងបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្ថែមថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់ និងរំពឹងទុកយ៉ាងមុតមាំថាលោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តថ្មី ដែលត្រូវបានប្រកាសតែងតាំងមុខតំណែងនៅថ្ងៃនេះ នឹងបន្តខិតខំប្រឹងបែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន វិន័យបទបញ្ជាក្រមសីលធម៌កងម្លាំង និងគោរពឋានានុក្រមការងារ ប្រកបដោយសុឆន្ទៈបុរេសកម្ម អន្តរសកម្ម ការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ដោយប្រកានខ្ជាប់នូវអភិក្រមទាំង៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីពង្រឹងយន្តការ និងប្រសិទ្ធភាព នៃការដឹកនាំគ្រប់គ្រងស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបន្តបេសកកម្មថែរក្សាការពារសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្ដាប់សង្គមឲ្យបានកាន់ល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។