សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលជាតិ, អភិបាលរងរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ១២០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា បន្ទាប់ពីបានទទួលគោលការណ៍ឯកភាព និងគាំទ្រពី សម្ដេចក្រឡាហោម ហើយនោះ ឯកឧត្តម បានខិតខំកៀរគរថវិកាពីសប្បុរសជននានា ដើម្បីគាំទ្រដល់ការសាងសង់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ សំណង់អគារ ចំនួន០២ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងរយៈពេល ២ឆ្នាំ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានធ្វើឱ្យមានការអូសបន្លាយពេលវេលារហូតដល់ជាង ០៣ឆ្នាំ ទើបបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ។ ឯកឧត្តម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា អគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបចំនួនជាង ១៤លានដុល្លារអាមេរិក ដោយ មិនបាន ប្រើប្រាស់ថវិការដ្ឋនោះទេ។ ឯកឧត្តមបន្ដថា ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់អង្គភាព និងមួយផ្នែកទៀតបាន មកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់ សប្បុរសជនក្នុង និងក្រៅប្រទេស។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម សូមថ្លែងអំណរគុណដល់សប្បុរសជននានា បានចូលរួមថវិកាផ្ទាល់ខ្លួន សម្រាប់សាង់សងអគារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មីនេះដែលសរុបថវិកាទាំងអស់ជិត ១៥លានដុល្លារ ដើម្បីបម្រើការងារដល់កងកម្លាំងនគរបាល ព្រមទាំងចូលរួមក្នុងការពង្រឹងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
សម្ដេចក្រឡាហោម បានណែនាំដល់មន្ដ្រីបំម្រើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងគោរពពេលវេលា និងវិន័យ ហើយនាំគ្នាថែទាំអគារថ្មីនេះ ជាពិសេស ត្រូវប្រើប្រាស់ភ្លើងសំចៃផងដែរ។
សម្ដេចក្រឡាហោម ក៏បានចាត់ទុកអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គឺជាអគារទំនើបមួយសម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជា។ សម្ដេចបន្ដថា សមិទ្ធផលទាំងនេះ សមស្របតាមតួនាទីភារកិច្ចដែលត្រូវបំពេញបន្ថែមទៀត ជាការពិតហើយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ព្រះរាជាណាចក្រ កម្ពុជា មានការរីកចម្រើនជាបន្ដបន្ទាប់ ហើយកំពុងតែមានសុខសន្ដិភាព និងស្ថេរភាពនយោបាយផងដែរ។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយបានបំពេញភារកិច្ចយ៉ាងល្អប្រសើរ ហើយបទល្មើសនៅរាជធានីភ្នំពេញ ក៏មានការថយចុះគួរឱ្យគត់សម្គាល់ផងដែរ។ សម្ដេច បានណែនាំរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកម្លាំងប្រជាការពារឱ្យរឹងមាំបន្ថែមទៀត។ ជាងនេះទៅទៀត សម្ដេច សង្ឃឹមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងទទួលបានជោគជ័យបន្ថែមទៀត ក្នុងការថែរក្សាសន្ដិសុខសណ្ដាប់សាធារណសង្គម៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា