ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី កោតសរសើរការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរទសស្សនកិច្ចនៅមីយ៉ាន់ម៉ា​ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក

 

នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម យូកូ វីដូដូ បានគូសបញ្ជាក់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការងារដែលសម្ដេច​ បានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។​ ឯកឧត្តម​ ក៏បានលើកផងដែរពាក់ព័ន្ធនឹងការធ្វើយ៉ាងណា ឱ្យមានការរីកចម្រើន នូវការអនុវត្តផែនការ ៥ចំណុច​ ដែលបានឯកភាពជាឯកច្ឆ័ន្ទនេះ។

ឯកឧត្តមក៏ស្នើសុំ និងឯកភាពផងដែរ ធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ ដូចដែលសម្ដេចធ្លាប់លើកមកហើយ គឺថាការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពីភាគីទាំងអស់។ ឯកឧត្តមថា ដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាចទទួលយកដោយភាគីទាំងអស់។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានមានប្រសាសន៍ដែរថា ឥណ្ឌូនេស៊ី​ ពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា អាស៊ាន-ត្រូវការនិងយន្តការផ្សេងទៀតនេះ គឺយើងនឹងពិភាក្សាឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត។​

នៅក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានអរគុណសម្ដេចនូវកិច្ចសន្ទនាដែលមានសារៈសំខាន់នេះ ហើយឯកឧត្តមសង្ឃឹមថា យើងនឹងស្វែងរកនូវដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ នៅពេលខាងមុខ។

សម្តេចតេជោ ក៏បានថ្លែងនូវការអរគុណឯកឧត្តមប្រធានាធិបតី ចំពោះកិច្ចពិភាក្សានេះ ដើម្បីធ្វើយ៉ាងណា ឱ្យមានវឌ្ឍនភាពនៃការងាររបស់យើង ហើយសម្ដេច​ បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ អាស៊ាន ពិតជាមានការងារធ្វើច្រើនណាស់ ហើយយើងទាំងអស់គ្នានៅក្នុងអាស៊ាន ក៏មិនត្រូវក្លាយជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយយើងត្រូវតែខិតខំជំរុញធ្វើយ៉ាងណា បោះជំហានទៅមុខ ដើម្បីជំរុញការងាររបស់យើង ដូច្នេះហើយយើងនឹងឱ្យរដ្ឋមន្ត្រីការបរទេសរបស់យើង ជួបពិភាក្សាគ្នានៅពេលខាងមុខនេះ ៕

ប្រភព​ ៖​ ទទក

អត្ថបទដែលជាប់ទាក់ទង