សូមសម្ដេចតេជោ​ ហ៊ុន​ សែន​ ទានជ្រាប ៖​ រឿងឆ្លៀតឱកាស កន្ទេលធំបន្លំដេក​ មេភូមិចំការចេក និងក្រុមប្រឹក្សាសង្កាត់អូរស្មាច់ម្នាក់ ធ្លាក់ប្រាក់គំរោងផ្លូវបេតុងមកដល់ ដើររៃអង្គាសប្រាក់ពីពលរដ្ឋបន្ថែម​ ដោយនិយាយថា​ ប្រាក់មិនទាន់គ្រប់

ខេត្តឧត្ដរមានជ័យ​ ៖​ សូមសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​ ទានជ្រាប ៖​ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១​ មានការរអ៊ូរទាំពីប្រជាពលរដ្ឋ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់​ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ​ មកថា កំពុងស្ថិតក្នុងសម័យកូវីដ​ រកអីមិនបានផង បែជាលោក ហ៊ីម សេរីបុត្រ មេភូមិចំការចេក និងក្រុមប្រឹក្សាសង្កាត់ម្នាក់ ដើរៃអង្គាសប្រាក់ តាមខ្នងផ្ទះ ដោយប្រាប់ថា ប្រាក់គំរោងផ្លូវបេតុងមិនគ្រប់ នៅខ្វះ​ ៤០ម៉ែត្រ ទើបពលរដ្ឋនាំគ្នាចូលរួមភ្លូកទឹកភ្លូកដី ដោយសារតែចង់បានផ្លូវល្អស្អាត នៅតាមមុខផ្ទះ តែធាតុពិត​ ជាការកុហកបោកប្រាស់​ និងជាការចាញ់បោកលោកមេភូមិ និងក្រុមប្រឹក្សាសង្កាត់នោះសោះ។

បើយោងទៅតាមតារាងរាយនាម របស់លោក​ ហ៊ី​ សេរីបុត្រ មេភូមិចំការចេក ក្នុងម្នាក់ៗអស់ប្រាក់ចាប់ពី​ ១០ម៉ឺនរៀល​ រហូតដល់ ២០០ដុល្លារ​ (ពីររយដុល្លារ)​ ប្រមូលបានប្រាក់រាប់លានរៀលក្នុងមួយពព្រេចភ្នែក ហើយមិនដឹងថា​ មានពលរដ្ឋប៉ុន្មាននាក់ទៀតទេ​ នឹងត្រូវរងគ្រោះបន្តទៀត​ ចំពោះរឿងដដែលៗ។

ជុំវិញករណីខាងលើ ក្រុមប្រឹក្សាសង្កាត់​ បានបញ្ជាក់ប្រាប់ក្រុមការងារយើងថា​ ប្រាក់គំរោងផ្លូវមិនខ្វះទេ គ្រប់ហើយ។ មតិប្រជាពលរដ្ឋ​ ក៏ឆ្ងល់​ ហើយសួរថា​ បើលុយមានចាក់បេតុងគ្រប់ហើយ​ ចុះហេតុអ្វីមករៃពីពួកគាត់ទៀត​។ គាត់បន្តទៀតថា​ ក្រោយពីកូវីតមក​ ពួកខ្ញុំរកអីមិនបានផង​ មានលុយពីណាចូលធ្វើផ្លូវ។ មេភូមិចំការចេកលោក​ ហ៊ឹម សេរីបុត្រឆ្លើយថា​ មិនមានក៏ត្រូវតែមានដែរ​ តិចច្រើនអីក៏បាន ព្រោះអីយើងជាម្ចាស់ផ្លូវ។

បើយោងតាមប្រសាសន៍លោក​ ឈឿន វិបុល​ ក្រុមប្រឹក្សាសង្កាត់​ បានបញ្ជាក់ប្រាប់ក្រុមកាងារថា​ នេះជាគំរោងមូលនិធិបដិភាគរបស់ប្រជាពលរដ្ឋ​ និងមូលដ្ឋាន គឺជាទិសដៅដ៏សំខាន់មួយ​ ក្នុងការចូលរួមចំណែកក្នុងសហគមន៍។

តែមុនពេលចុះរៃលុយពីប្រជាពលរដ្ឋ​ លោកមេភូមិ​ ហ៊ឹម សេរីបុត្រ​ និងលោក​ ឈឿន វិបុល​ បានប្រាប់​ និងបញ្ជាក់ប្រាប់ពួកគាត់ថា​ ការចាក់ផ្លូវបេតុងនេះ​ គឺនៅខ្វះប្រវែង​ ៤០ម៉ែត្រទៀត​ បានមានលុយចាក់គ្រប់។ ប៉ុន្តែដល់ពេលនេះ​ ក្រុមកាងារ​ បានជួបជាមួយលោក​ ឈឿន វិបុល​ តាមរយៈទូរស័ព្ទ​ សួរអំពីបញ្ហាលុយគំរោងក្នុងការធ្វើផ្លូវនេះ គាត់បានប្រាប់ថា​ លុយគំរោងចាក់បេតុងនេះគ្រប់ហើយ ចឹងលុយដែលបានរៃពីពលរដ្ឋ​ គាត់នឹងបង្វែយកទៅទិញជាអំពូលសូឡាបំភ្លឺអោយពួកគាត់វិញ។

ដូច្នេះ​ បានន័យថា​ សំដីដែលលោកមេភូមិ​ និងលោកក្រុមប្រឹក្សា​ និយាយប្រាប់ពលរដ្ឋ​ មុនពេលដែលយកលុយ​ និងក្រោយពេលដែលយកលុយ​ មានភាពមិនប្រក្រតីហើយ៕ដោយ​ ៖​ គេហទំព័រ ស្រទាប់យុវវ័យ

អត្ថបទដែលជាប់ទាក់ទង