សម្ដេចពិជ័យ​ ទៀ បាញ់​ ៖ អាវុធ និងសម្ភាររបស់អាមេរិកប្រមូលបានបណ្ដើរៗហើយ គ្រោងកម្ទេចចោល

កំពង់ឆ្នាំង​ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់​ ហើយ គ្រោងនឹងធ្វើការកម្ទេចចោលសម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង ឬសារមន្ទីរ ។ នេះជាការលើកឡើងរបស់សម្តេចពិជ័យសេនា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

សម្ដេចពិជ័យសេនា មានប្រសាសន៍បន្តថា ការប្រមូលនូវអាវុធ និងសម្ភារៈយោធារបស់អាមេរិក​ កំពុងដំណើរការ ខណៈអាវុធមួយចំនួនមានសភាពចាស់ មិនអាចប្រើប្រាស់បានដោយភាគតិចណាស់ដែលអាចប្រើបាន។

សម្ដេចពិជ័យសេនា បានបន្តថា កន្លងមកក្រសួងការពារជាតិ​ បានទុកដាក់ក្នុងឃ្លាំង ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ក្នុងការត្រួតពិនិត្យមើលពីចំនួនឲ្យបានច្បាស់លាស់​ ដើម្បីរក្សាទុក ឬដល់កម្រិតមួយបំផ្លាញចោល ឬយ៉ាងណា​ ព្រោះអាវុធ និងគ្រឿងបំពាក់នេះ​ កាលណាដល់អាយុកាលពេលចាស់ពេក​ ខូចខាតធ្ងន់ធ្ងរពេក​ ទុកនាំអន្តរាយដែរ តែងតែធ្វើការបំផ្លាញជាបន្តបន្ទាប់។

សម្ដេចពិជ័យសេនា បន្ថែមថា អាមេរិកថា​ មិនលក់អាវុធមកឲ្យកម្ពុជាទៀត នឹងកាន់តែល្អហើយ ដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន​ មិនដែលទិញអាវុធពីអាមេរិកដែរ ដោយអាវុធមាននៅសល់នេះ គឺប្រមូលពីសម័យសង្គ្រាមឆ្នាំ១៩៧០ ដោយជំនន់ លន់ នល់ យកមកប្រើប្រាស់ដោយមាននៅសេសសល់បាត់ឃ្លាំង​ និងមួយចំណែកទៀត​ បានពីប្រភពនៃភាគីប្រយុទ្ធណាមួយ ក៏មិនបានប្រើប្រាស់ដែរ ដោយធ្វើការប្រមូលទុកដាក់បានច្បាស់លាស់​ ហើយកំពុងពិចារណាមើលធ្វើយ៉ាងណាទៀតនោះ គឺសម្រេចនៅពេលក្រោយ។ ឆ្លើយតបការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាទៅក្រសួងការពារជាតិ ត្រូវប្រមូលនូវអាវុធ ឬសម្ភារយោធារបស់អាមេរិក ដែលប្រើប្រាស់លែងកើតត្រូវកម្ទេចចោល និងរក្សាទុក ៕

អត្ថបទដែលជាប់ទាក់ទង