អភិបាលខេត្តសៀមរាប បញ្ជាក់ថា ជនដែលបានកាប់ទន្ទ្រានដីព្រៃលិចទឹក ត្រូវបានអាជ្ញាធរកសាងសុំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ហើយ

សៀមរាប​ ៖​ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលព្រៃលិចទឹក និងកន្លែងដែលជនខិលខូចបានកាប់ទន្រ្ទានព្រៃលិចទឹក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងប្រតិបត្តិការនេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាបមានក្រុង-ស្រុកចំនួន០៦ បានជាប់នៅបឹងទន្លេសាបក្នុងនោះមាន ស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានផ្ទៃដីជាង ១២៦ពាន់ហិកតា។ ហើយសម្រាប់តែនៅក្នុងភូមិសាស្រ្តក្រុងសៀមរាបមួយ មានព្រៃលិចទឹកដែលជនខិលខូចបានកាប់ទន្ទ្រានដើម្បីប្រយោជន៍ផ្ទាល់ខ្លួនមានចំនួន ១០០ហិកតា ដែលមានជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានអាជ្ញាធរកសាងសុំណុំរឿងបញ្ជូនទៅតុលាការហើយ។ ដោយឡែកសម្រាប់នៅក្នុងភូមិសាស្រ្តស្រុកផ្សេងៗទៀត ក្រុមការងារកំពុងតែចុះពិនិត្យមើលជាក់ស្តែង។

ឯកឧត្តម បានបន្តថា តំបន់ទន្លេសាប ដែលជាប់នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប គឺសុទ្ធតែជាតំបន់ដែលមានសក្តានុពល ហើយព្រៃលិចទឹកនេះមានសារៈសំខាន់ណាស់សម្រាប់ជម្រកត្រី និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។ ដូច្នេះបើសិនជាបាត់បង់ព្រៃលិចទឹក និងធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផលត្រី នឹងមានការថយចុះ។

ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាស និងប្រគល់ភារកិច្ចឱ្យឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយគណៈប្រតិភូបានចុះមកដល់តាមខេត្តជាប់បឹងទន្លេសាប ដែលជាឱកាសបញ្ចប់នៃការកាប់ទន្រ្តានព្រៃលិចទឹកបន្តទៀត។ ជាពិសេសអាចឱ្យអាជ្ញាធរ មានលទ្ធភាពថែរក្សាតំបន់៣ តំបន់២ និងតំបន់១ ដែលអាជ្ញាធរបឹងទន្លេសាបបានកំណត់។ ដើម្បីធ្វើការគ្រប់គ្រងឱ្យបានល្អ និងទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់ទង្វើ ឬជនណាដែលចង់ធ្វើបទល្មើស នៅក្នុងតំបន់ទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង