សង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង នៅជ្រៃធំ មាននគរបាលថ្នាក់ឧត្ដមសេនីយ៍នៃស្នងការដ្ឋានខេត្តកណ្ដាល កាងពីក្រោយអញ្ចឹង បានអត់មានសមត្ថកិច្ចហ៊ានបង្រ្កាប
កណ្ដាល ៖ ទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ (ហ្គ្រេនដ្រាយហ្គនរីសត) ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានភ្នាល់ទឹកប្រាក់ម្តងៗ រាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងការជល់មាន់មួយគូ និងអាប៉ោងមួយក្តា បន្តលេងជារៀងរាល់ថ្ងៃ (ថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិការម្សិលមិញ ជល់រហូតដល់ ៣០គូរ) ដោយសារតែអាងនគរបាលថ្នាក់ឧត្ដមសេនីយ៍នៃស្នងការដ្ឋានខេត្តកណ្ដាល កាងពីក្រោយអញ្ចឹង បានអត់មានសមត្ថកិច្ចហ៊ានបង្រ្កាបស្នងការ ខណៈការលេងនេះ មានការជួបជុំទ្រង់ទ្រាយធំស្រែកហោរកញ្ជ្រៀវដោយមិនខ្លាចអាជ្ញាធរ និងខ្លាចការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩នោះឡើយបើទោះបីប្រជាពលរដ្ឋអះអាងថា បានទៅប្តឹងអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារ តែពុំទាន់មានវិធានការនៅឡើយរហូតដល់សព្វថ្ងៃនេះ។
បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងរស់នៅតំបន់នោះ បានឲ្យដឹងទៀតថា ពួកគាត់មានការភ័យខ្លាច ដោយមានរថយន្តទំនើបៗឆ្លងកាត់ជាច្រើនខុសប្រក្រតី ដោយពួកគាត់ព្រួយបារម្ភចំពោះកូនៗរបស់ពួកគាត់ដើរឆ្លងថ្នល់ ខណៈរថយន្តទាំងនោះបានបើកឆ្ពោះទៅកន្លែងតែមួយ ពោល គឺកន្លែង (ហ្គ្រេនដ្រាយហ្គនរីសត) ដែលគេដឹងថា លួចលែងល្បែងភ្នាល់មាន់ អាប៉ោង និងបៀខុសច្បាប់ទ្រង់ទ្រាយធំ។
មានការអះអាងថា មានអ្នកជាខ្នងបង្អែកនៅពីក្រោយ ទើបកន្លែងសង្វៀនជល់មាន់មួយកន្លែងនេះ ហ៊ានបើកដោយសេរី ដោយមិនខ្លាចទាំងឆ្លងមេរោគកូវីដ១៩ជាដើមនោះ។
ទាក់ទងការផ្តល់ព័ត៌មានពីពលរដ្ឋតំបន់នេះ មិនអាចសុំការបំភ្លឺពីលោក ស៊ឹម ឃាង អធិការស្រុកកោះធំបានទេ ដោយទូរស័ព្ទហៅមិនចូល។
តែទោះជាយ៉ាងនេះក្តី បងប្អូនប្រជាពលរដ្ឋបានស្នើទៅអជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យករណីនេះ ព្រោះបើនៅតែបន្តសកម្មភាពប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនទៀតនោះ ពួកគាត់ខ្លាចតែមានការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅតំបន់នេះ ហើយអាជ្ញាធរ ឬក្រសួងសុខាភិបាលធ្វើការបិទ វានឹងរំខានដល់ការរកស៊ី និងការរស់នៅរបស់ពួកគាត់ទៀត ជាពិសេសខ្លាចមានការបិទសាលាបន្តទៀតដែលធ្វើ ឲ្យកូនៗរបស់គាត់មិនបានចូលរៀនទៀតនោះ។
យ៉ាងណាក៏ដោយ បងប្អូនប្រជាពរដ្ឋ និងមហាជន ស្នើរសុំឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យនិងចុះធ្វើការបង្ក្រាប ដើម្បីចូលរួមទប់ស្កាត់ និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារជាដើមនោះ។
ប្រជាពលរដ្ឋ ក៏ដូចជាមហាជនសង្ឃឹមថា ទីតាំងសង្វៀនជល់មាន់ល្បែងស៊ីសងដុះស្លែដ៏ធំមួយកន្លែងនេះ នឹងបង្ក្រាបបានក្រោមការយកចិត្តទុកដាក់ ពីឯកឧត្តម អភិបាលខេត្តកណ្តាល បានជាក់ជាមិនខានដើម្បីភូមិឃុំមានសុវត្ថិភាព៕
ប្រភព ៖ https://news.btv.com.kh/article/6728