បាក់ទំនប់វារីអគ្គីសនីនៅប្រទេសឡាវ ស្លាប់មនុស្សជាច្រើននាក់ និងជាង១០០នាក់បានបាត់ខ្លួន
ឡាវ៖ អាជ្ញាធរប្រទេសឡាវ បានឲ្យដឹងនៅថ្ងៃអង្គារ៍ ទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះថា មនុស្សមួយចំនួនត្រូវបាត់បង់ជីវិត និងប្រមាណ
ជាង១០០នាក់បានបាត់ខ្លួន បន្ទាប់ពី បានបាក់ទំនប់វារីអគ្គិសនីមួយកន្លែង ឬដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍ប្រទេសឡាវ ។
ទំនប់វារីអគ្គិសនីខាងលើនេះ មានទីតាំងនៅជាប់ព្រំដែន ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ភាគឦសាន នៃប្រទេសកម្ពុជា ។
នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Fox News នៅល្ងាចថ្ងៃអង្គារ៍ ទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ។
ទំនប់ខាងលើត្រូវបានគេរាយការណ៍ថា បានបញ្ចេញទឹកយ៉ាងជន់ជោរ ទំហំប្រមាណ ៥ពាន់លានម៉ែត្រគូប នៅក្នុងសង្កាត់សានសៃ (San Sai) នៃខេត្តខាងលើ ខណៈអាជ្ញាធរបានចេញប្រតិបត្តិការជាបន្ទាន់ ដើម្បីជម្លៀសមនុស្សចេញ។
ទំនប់វារីអគ្គិសនីខាងលើនេះ បានសាងសង់ឡើង ដោយគម្រោងរួមគ្នាមួយ ដឹកនាំដោយបណ្តាញក្រុមហ៊ុនកូរ៉េខាងត្បូង សហការជាមួយថៃ និងឡាវ។ ទំនប់នេះ ត្រូវបានគេគ្រោងនឹងបើកសម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំនេះ ប៉ុន្តែវាមិនទាន់ច្បាស់ទេថា តើវាបានចាប់ផ្តើមប្រតិបត្តិការហើយ ឬនៅនោះទេ នៅមុនពេលទំនប់ខាងលើនេះបានបាក់៕(ប្រភពពីប្រទេសឡាវ)