អ្នកទោស ០៧នាក់ ទំលាយរបងថ្ម រត់ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ផ្អើលអស់សមត្ថកិច្ច ផ្ទុះអាវុធជាច្រើនគ្រាប់ តែដេញចាប់ពុំបាន
ខេត្តស្ទឹងត្រែង ៖ អ្នកទោសចំនួន ៧នាក់ បានទម្លាយរបងថ្ម រត់គេចខ្លួន កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
ប្រភពព័ត៌មាន បានអោយដឹងថា នាវេលាទៀបភ្លឺ ថ្ងៃខែខាងលេី ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន ក៏បានប្រើប្រាស់អាវុធបាញ់ចំនួន ៤គ្រាប់ ដើម្បីគម្រាមបញ្ឈប់សកម្មភាពរត់គេច តែមិនអាចរារាំងបាន។
តាមការពិនត្យទីតាំងជាក់ស្តែង នគរបាល បានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នេីយ ភួយ ដើម្បីខ្ទប់វាយមិនអោយលឺសំលេង។
លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានអោយដឹងថា ក្នុងចំណោមអ្នកទោស ៧នាក់ មានម្នាក់ត្រូវកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន និង ៦នាក់ទៀត ជាប់ទោសស្រាល។ លោកប្រធានពន្ធនាគារខេត្ត បានបន្តថា ក្នុងចំណោមអ្នកទោសរត់គេចខ្លួន ០៧នាក់ មាន ៦នាក់ ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស។
លោកឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់អោយដឹងថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ដើម្បីស្រាវជ្រាវចាប់មកវិញ ៕