រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុករយៈពេល ៣ថ្ងៃ និងកម្មវិធីតន្ត្រីស្គរដៃក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី ខេត្តសៀមរាប
សៀមរាប ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំពិធីដាល់អំបុករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅបរិវេណមណ្ឌល(រង្វង់មូល)បន្ទាយស្រី ដែលកម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច និងកម្មវិធីតន្ត្រីស្គរដៃ បានប្រារព្ធបន្តចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧យប់ ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីដាល់អំបុកនេះ ក្រោមកិច្ចសហការរវាងប្រជាពលរដ្ឋមកពីភូមិព្រះដាក់ ក្នុងឃុំព្រះដាក់ រួមជាមួយសហគមន៍ទេសចរណ៍នានា នៃស្រុកបន្ទាយស្រី ក្នុងគោលបំណងបង្ហាញពីទំនៀមទម្លាប់ប្រពៃណីចាស់បុរាណ ក្នុងស្រុកភូមិនៅពេលចាប់ផ្តើមប្រមូលផលស្រូវថ្មី និងជាការបង្ហាញឱ្យភ្ញៀវទេសចរ ដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលនេះ បានឃើញផងដែរ។
លោក ឃឹម ហ្វីណង់ មានប្រសាសន៍បន្តថា ស្រូវដែលត្រូវយកមកដាល់អំបុកនាពេលនេះ គឺជាស្រូវច្រូតកាត់ពីរង្វង់មូលបន្ទាយស្រីនេះ ដោយច្រូតភ្លាមយកមកដាក់អំបុកភ្លាម ហើយសម្រាប់ភ្ញៀវទេសចរ ដែលមានចាប់ណាប់អារម្មណ៍ជាមួយនឹងអំបុកស្រូវថ្មីនេះ អាចចូលមកទិញបាន ឬអាចច្រូតស្រូវដោយខ្លួនឯង ហើយយកមកដាល់អំបុកដោយខ្លួនឯងក៏បាន ដើម្បីបង្ហាញនូវការកំសាន្តអារម្មណ៍សប្បាយផង និងឈ្វេងយល់ពីរបៀប នៃការផលិតអំបុករបស់ប្រជាជននៅតាមភូមិ នៃតំបន់ជនបទផង ជាពិសេសសម្រាប់ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តនៅទីនេះ ត្រូវតែពាក់ម៉ាស់ រក្សាគម្លាត ធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពសុខាភិបាល ដោយមិនឱ្យមានការប្រមូលផ្តុំកកកុញនោះទេ បើទោះជាយើងចង់ជំរុញឱ្យមានចរន្តទេសចរឡើងវិញ ក្នុងកម្រិតណាក៏ដោយ ក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ដែរ ។
លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់បន្ថែមថា រង្វង់មូលបន្ទាយស្រី ត្រូវបានធ្វើការកែប្រែ និងអភិវឌ្ឍន៍ទៅតាមរដូវកាល ក្នុងន័យជាគោលដៅទេសចរណ៍ ដូចជា ពេលរដូវវស្សាយើងដាំស្រូវ និងរដូវរំហើយ យើងដាំផ្កា ដែលអាចឱ្យភ្ញៀវទេសចរមកលំហែកាយ និងថតរូបលេងកម្សាន្តសប្បាយផងដែរ៕