អភិបាលខេត្តព្រៃវែង អញ្ជើញចុះសំណេះសំណាល និងពិនិត្យសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ
ព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត បានចុះសំណេះសំណាល និងពិនិត្យសហគមន៏បន្លែសុវត្ថិភាព និងសរីរាង្គរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ។
ក្នុងការចុះពិនិត្យនេះដែរ ក៍មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកពាមជរ កងកម្លាំងទាំងបី និងមន្ទីរជុំវិញខេត្ត ព្រមទាំងក្រុមហ៊ុនជីធម្មជាតិ និងមន្រ្តីជំនាញផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានពិនិត្យឃើញដំណាំបន្លែសុវត្តិភាព និងសរីរាង្គកំពុងរីកលូតលាស់ ទទួលបានផលល្អប្រសើរ ដោយសារមានការតម្លើងប្រព័ន្ធស្រោចស្រប់ បង្កលក្ខណៈងាយស្រួលដល់ការដាំដុះបន្លែ បង្កើនរដូវដាំដុះពេញមួយឆ្នាំ។
ទន្ទឹមហ្នឹងនេះ ឯកឧត្ដម អភិបាលខេត្ត សូមថ្លែងអំណរគុណដល់លោកប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត ដែលបានជួយការងារបច្ចេកទេសបន្ថែម ដើម្បីរក្សាបាននូវគុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចឈានទៅសម្រេចនិរន្តរភាពនៃការផ្គង់ផ្គង និងតម្លៃ។
ជាទីបញ្ចប់ ឯកឧត្ដម អភិបាលខេត្ត ក៏សូមកោតសរសើរ គាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គ ចូលរួមទាំងអស់គ្នា ដើម្បីធ្វើបដិវត្តផលិតកម្មបន្លែអោយមានលក្ខណទំនើប ជាពិសេសអោយត្រូវតាមស្តង់ដារទីផ្សារ គឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍របស់យើង៕