ម៉ូតូ២គ្រឿង បុកគ្នា ស្រ្តីពពោះ៧ខែម្នាក់ រងរបួសធ្ងន់ នៅស្រុកលំផាត់
ខេត្តរតនគិរី÷ ស្រ្តីពពោះ៧ខែ ជនជាតិទំពួនម្នាក់ បានរងរបួសធ្ងន់ និងយុវជនម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នា កាលពីវេលាម៉ោង២នឹង២៥នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រ២៨២ ២៨៣ ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
នគរបាលប៉ុស្តិ៍បាតាងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក វេវឆ្លាម ពណ៌ស គ្មានស្លាកលេខ បើកបរដោយស្រ្តីឈ្មោះ តត ម៉ៅ អាយុ២៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅភូមិកើតហេតុខាងលើ ពពោះ៧ខែ គ្មានពាក់មួកសុវត្ថិភាព ខណ:ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី1B-0001 បើកបរដោយឈ្មោះ ងីម សាវី ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ សិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ បុកពីចំហៀង បណ្ដាលឲ្យស្រ្តីពពោះ៧ខែ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រីឯយុវជនរងរបួសស្រាល សាច់ញាតិដឹកតាមម៉ូតូយកទៅព្យាបាលនៅពេទ្យពេទ្យឯកជន។
ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាន និងប៉ុស្តិ៍ឃុំបាតាង បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានស្រុកបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ តាជួង