ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន​ ២០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចថៃ​ ចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកអូរបីជាន់

បន្ទាយមានជ័យ ៖ ​ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌរួច​ គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ​ បានសំរុកឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនបញ្ជូនមកខ្មែរវិញជាបន្តបន្ទាប់​ ដែលទាំងនេះ​ ក៏ដោយសារតែកត្តាចាញ់បោកការឃោសនាអូសទាញរបស់មេខ្សល់។ មួយវិញទៀត​ ខាងសមត្ថិច្ចកម្ពុជា​ ក៏មានវិធានការរឹតបន្តឹងក្នុងការទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋនេះផងដែរ តែទោះជាយ៉ាងណា​ ក៏នៅមានការឆកល្វែងផងដែរ ជាមួយគ្នានោះ​ សមត្ថកិច្ចកម្ពុជា​ ក៏បានទប់ស្កាត់ប្រជាពលរដ្ឋខ្លួន​ និងបានធ្វើការអប់រំណែនាំរួចឲ្យគាត់វិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។ ហើយទន្ទឹមនោះដែរ​ គេក៏សង្កេតឃើញប្រជាជនថៃ ក៏មានបំណងលួចឆ្លងដែនមកធ្វើការនៅកម្ពុជា ហើយក៏ត្រូវថៃ ក៏ដូចជាសមត្ថកិច្ចកម្ពុជា​ បានទប់ស្កាត់ការឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាលនៃប្រទេសទាំង០២​ កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ៖ កាលនៅវេលាម៉ោង​ ០៣និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនដោយខុសច្បាប់ បន្ទាប់មក​ ក៏បានផ្តល់ព័ត៌មាននេះទៅសមត្ថកិច្ចថៃ​ ដើម្បីសហការជួយទប់ស្កាត់។ លុះនៅវេលាម៉ោង​ ០៤និង១០នាទីល្ងាច​ នាថ្ងៃដដែល ទាហានឈុតខ្មៅថៃ អនុសេនាធំលេខ១៣.០២ បានទប់ស្កាត់ឃាត់បានប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន​ ២០នាក់ នៅចំណុចភូមិប៉ាយខៀវ ឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។​ បន្ទាប់មកប្រជាពលរដ្ឋទាំងនោះ ត្រូវបានបញ្ជូនទៅឲ្យតម្រួតនៃអធិការដ្ឋានលងណាំសៃ ស្រុអារញ្ញា ដើម្បីមានវិធានការបន្ត។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា​ បើតាមការសាកសួរទៅសមត្ថកិច្ចថៃ ចំពោះប្រជាពលរដ្ឋខ្មែរទាំង​ ២០នាក់នោះ ត្រូវបានបញ្ជូនមកកម្ពុជា តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង