អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់នាំមនុស្សឆ្លងដែន ខុសច្បាប់ទៅតុលាការ
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៣ ខែកញ្ញា កងអនុសេនាធំលេខ៣ កម្លាំងវរ:សេនា
តូចលេខ១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឈរជើងក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឃាត់គោយន្តកន្ត្រៃចំនួន១គ្រឿងដែលមានដឹកមនុស្សចំនួន១៥នាក់ ក្នុងនោះ មានស្រ្តីចំនួន៨នាក់ កុមារា១នាក់ ដែលមានបំណងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។
ក្នុងចំណោម១៥នាក់នោះមានមេខ្យល់០១នាក់ ឈ្មោះ ឈុន ឆឺត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្ន រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មេខ្យល់ខាងលើ និងវត្ថុតាងគោយន្តកន្ត្រៃ ក្រោយពីកម្លាំងយោធាឃាត់បានបានប្រគល់មកឱ្យស្នាក់ការសន្តិសុខ៨៨៨ របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដើម្បីចាត់ការតាមនីតិវិធី ចំណែកពលករទាំង១៤នាក់ ត្រូវបានលោក យ៉ង់ យឺន អភិបាលរងស្រុកថ្មពួកធ្វើកិច្ចសន្យា ហើយអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ។
លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈុន ឆឺត ក្រោយពីកម្លាំងជំនាញសួរនាំរួចមកបានឆ្លើយសារភាពថា រូបគេពិតជាបានដឹកពលករតាមគោយន្តកន្ត្រៃបម្រុងលួចឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែន ដោយខ្លួនយកថ្លៃដឹកក្នុងម្នាក់១៣០០បាត លុយថៃ ។
ដោយផ្អែកលើចម្លើយសារភាពររបស់ជនសង្ស័យ និងការរៀបរាប់ពីពលករ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកកសាងសំណុំរឿងបញ្ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មេខ្យល់ខាងលើមុនធ្វើការឃាត់ខ្លួនលោកក៏បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងគោយន្តកន្ត្រៃត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕