ករណីមេប៉ុស្តិ៍នគរបាលភូមិភិៈ ខ្សែអ្នកធំនៅក្នុងស្នងការដ្ឋានខេត្តរតនគិរី ល្បួងលួងលោមក្មេងស្រី​ ជាអនិតិជន ចូលផ្ទះសំណាក់​ រួមភេទបានសម្រេច សំណុំរឿងចូលដល់តុលាការខេត្តហើយ

ខេត្តរតនគិរី ៖ ប្រភពបានលើកឡើងថា ខ្សែស្រឡាយមន្ត្រីធំៗ​ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលទើបឡើងតួនាទីថ្មីតាមជើងខោ ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានល្បួងលួងលោមក្មេងស្រី​ អាយុ១៣ឆ្នាំ ទៅរួមភេទក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី រហូតបានសម្រេចនោះ ឥឡូវលឺដំណឹងថា បានដំណើរការចូលដល់ដៃព្រះរាជអាជ្ញាហើយ។

បើយោងតាមការស្រាវជ្រាវស៊ើបអង្កេត​ ករណីរំលោភសេពសន្ថវៈនេះ​ គឺដោយមានពាក្យបណ្តឹងរបស់ក្មេងរងគ្រោះ ឈ្មោះ ម.ល កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ រឿងហេតុនៃពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាប្រហែលម៉ោង ៨:៣០នាទីយប់ ឈ្មោះ មេសា ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានទូរស័ព្ទបបួលក្មេងស្រី រងគ្រោះ ម.ល ទៅញាំអីនៅហាងម្លិៈ៧៧ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយឈ្មោះ ម.ល និងឈ្មោះ ស្រី នាង ជាម្តាយមីង ក៏បានទៅជាមួយគ្នាផងដែរ ហើយ មីង​ និងក្មួយ​ បានជិះម៉ូតូឌុបគ្នាទៅហាងម្លិះ៧៧។ លុះមានការហូបចុកនៅហាងម្លិះ៧៧​ រួចហើយ​ ប្រហែលជាម៉ោង​ ៩:៣០នាទីយប់ ឈ្មោះ មេសា ក៏បានហៅក្មេងស្រីរងគ្រោះឡើងជិះឡានរបស់ខ្លួន ដោយបបួលថា ទៅហូបបង្អែម ប៉ុន្តែជនកំហូចឈ្មោះ​ មេសា នេះមិនបានដឹកក្មេងរងគ្រោះទៅហូបបង្អែមទេ គឺឈ្មោះ មេសា នេះ បានដឹកក្មេងស្រីរងគ្រោះ​ ទៅកាន់ផ្ទះសំណាក់មួយកន្លែង​ នៅក្នុងក្រុងបានលុងតែម្តង ដើម្បីបំពេញតណ្ហារបស់ខ្លួន។

បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ នៃបណ្តឹងរបស់ក្មេងស្រីរងគ្រោះ បានអោយដឹងថា នៅពេលទៅដល់ផ្ទះសំណាក់​ ក្មេងស្រីរងគ្រោះ​ មិនបានចុះពីលើឡានរបស់ជនកំហូច ឈ្មោះ មេសា នោះទេ ដោយឈ្មោះ មេសា នោះដើរចូលទៅបន្ទប់ផ្ទះសំណាក់មុន តែមិនឃើញក្មេងស្រីរងគ្រោះនោះចូលទៅតាមខ្លួន ជនកំហូចរូបនេះ ក៏បានដើរចេញមកក្រៅវិញ​ ទាញដៃក្មេងស្រីនោះ ចូលទៅក្នុងបន្ទប់ រហូតប្រព្រឹត្តបានសម្រេច។

ដោយឡែក​ ក្នុងរឿងនេះដែរ​ ត្រូវបានប្រភពពីមន្ត្រីនគរបាលដែលស្រលាញ់ភាពយុត្តិធម៌​ លួចបង្ហើបអោយដឹងថា ក្នុងរឿងនេះ ដោយមានការចរចារមិនក្រោមពីពីរបីដង ពីជនសង្ស័យ រវាងក្រុមគ្រួសារក្មេងស្រីរងគ្រោះ ព្រមទាំងមានការសម្របសម្រួលពីមន្ត្រីនគរបាលថ្នាក់ធំគ្រាន់បើក្នុងស្នងការដ្ឋានផងនោះ ទើបដោះស្រាយក្រៅប្រព័ន្ធច្បាប់ ដើម្បីបង់លុយជាការបញ្ចប់រឿង ក្នុងគោលបំណងលាក់បាំងខ្លាចព័ត៌មាននេះលេចឮចេញទៅក្រៅ ធ្វើអោយបាត់បង់កិត្តិយស មានទោស​ អស់តួនាទី អស់ការងារ របស់ជនខិលខូចឈ្មោះ ទួន មេសា នេះ ។

ប៉ុន្តែឥឡូវរឿងនេះ​ ពិតជាទេវតាមានភ្នែកមែន គឺបានបែកធ្លាយដឹងដល់ស្ថាប័នច្បាប់ហើយ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចេញដីកាអោយផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងការងារយេនឌ័រ បញ្ជូនសំណុំរឿងមកកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តនិតិវិធី ក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ​ ១៥ឆ្នាំនេះ។ ដោយជនសង្ស័យឈ្មោះ មេសា មានតួនាទីជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ហើយតួនាទីជានាយប៉ុស្តិ៍ទៀត។

ដូច្នេះ​ ក្នុងរឿងនេះ គឺជាព័ត៌មានក្តៅមួយ នៅដើមឆ្នាំ២០២១ ដែលមជ្ឈដ្ឋានទូទៅ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខេត្តរតនគិរី ចង់ឃើញស្ថាប័នច្បាប់​ មានវិធានការប្រកបដោយយុត្តិធម៌ដាក់ទោសទណ្ឌទៅលើជនកំហូច​ ដែលបានប្រព្រឹត្តនូវទង្វើរដែលសង្គមស្អប់ខ្ពើមមួយនេះ។ នៅក្នុងសំណុំរឿងមួយនេះ​ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងលើកយកមកផ្សាយជូនជ្រាបបន្តទៀត ប្រសិនជាមានការវិវត្តនៅពេលក្រោយ ៕

 

អត្ថបទដែលជាប់ទាក់ទង