សមត្ថកិច្ចនគរបាល បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនបុរសជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៥០គីឡូក្រាម នៅខណ្ឌជ្រោយចង្វារ
ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២:៤០នាទីជិតភ្លឺ កម្លាំងជំនាញ(ក៩) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ដុស សុវឌ្ឍន: នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សុរៈឆៃ ខាំកែវ (SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ និងវត្ថុតាងចាប់យកបាន មាន ៖ សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង៨០,២៤ ក្រាម និងរថយន្តធុន LEXUS៤៧០ ពណ៌ទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕