ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងលោកជំទាវ អញ្ជើញកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី៦នៅវត្ត សីមាសុវណ្ណគិរី ហៅ វត្ត អូរយ៉ាដាវ
ក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទខ្មែរយើងនៅទូទាំងប្រទេសប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅតាមបណ្តាវត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជានោះ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី៦ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅទីអារាម វត្តសីមាសុវណ្ណគិរី ហៅ វត្តអូរយ៉ាដាវ ស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតគិរី ។
នៅព្រឹក ថ្ងៃ៦រោជ ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា គ.ស.២០២០ ឯកឧត្តមតំណាងរាស្រ្តនិងលោកជំទាវ មានសទ្ធាជ្រះថ្លាជំនឿជឿជាក់លើព្រះពុទ្ធសាសនានាំយកចង្ហាន់បិណ្ឌបាត្រមានបាយសម្ល នំចំណីគ្រប់មុខ រាប់បាត្រប្រគេនព្រះសង្ឃក្នុងទីអារាមខាងលើ ដើម្បីវេរដារឆ្លងឧទ្ទិសផល្លាអានិសង្ឃជូនដល់អស់លោកអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ជាពិសេសដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកបានបែកកាយរំលាយខន្ធទៅកាន់បរលោកទៅហើយនោះ ព្រមទាំងកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ សូមមកទទួលយកនូវអត្ថមនុញ្ញផលដែលកើតឡើងពីសទ្ធាជ្រះថ្លាធ្វើបុណ្យទានក្នុងវេន ទី៦នេះ ។
ហើយដោយអំណាចផល្លាអានិសង្ឃនេះសូមជួយយឹតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណរួចចាកផុតពីទុក្ខទោសកម្មពារវេរាទាំងឡាយទាំងពួង និងបានទៅសោយសុខក្នុងឋានសុគតិភពថ្មី ហើយងាកក្រោយអោយពរសព្វសាធុការដល់កូនចៅវិញមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារគ្រប់ៗគ្នាទៅហោង ៕