កញ្ឆាចំនួន ៥៥៣០ដេីម ត្រូវបានកម្លាំងចម្រុះខេត្តពោធិ៍សាត់ ចុះបង្ក្រាប និងដុតកម្ទេចចោលនៅហ្នឹងកន្លែង
ពោធិ៍សាត់ ៖ យោងតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង ដឹកនាំកម្លាំងអធិការ និងកម្លាំងប៉ុស្តិ៍អន្លង់រាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ០៤នាក់ សរុបទាំងអស់ចំនួន ៣៤នាក់ បានចុះបង្រ្កាបទីតាំងដាំដុះដំណាំកញ្ឆាដោយខុសច្បាប់នៅចំណុចជ្រលងភ្នំអូរ៧០ ដែលដាំដុះនៅលេីផ្ទៃដីចំនួន ០២ហិចតា មានកញ្ឆាចំនួន ៥៥៣០ដេីម ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាបស្រុកវាលវែង។
លោកអធិការ ធាង ឡេង បានបញ្ជាក់ឲ្យដឹងថា ដោយលក្ខណៈភូមិសាស្រ្តសំបូរទៅដោយភ្នំ ផ្លូវលំបាក មានចម្ងាយ ៣០គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥៥ ទេីបសមត្ថកិច្ចយេីង ចាប់មុខសញ្ញាមិនបាន។ លោកអធិការបន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ កម្លាំងចម្រុះយើង បានដុតកម្ទេចចោលដំណាំកញ្ឆា និងខ្ទមចាំចំការផងដែរ ៕