អភិបាលខេត្ត​ព្រះវិហារ​ និងអភិបាលខេត្តកំពង់ស្ពឺ​ រួមគ្នាដាំកូនឈើ ១.០០០ដើម ក្នុងមួយថ្ងៃ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប​ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ​ ៖​ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០​អភិបាលខេត្ត​ ០២ រួមគ្នាដាំកូនឈើ មួយពាន់ដើមក្នុងមួយថ្ងៃ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប។

ពិធីដាំកូនឈើចំនួន ១.០០០ដើម បានធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិតនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន ២៥០នាក់ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» ពិធីនេះ​ រៀបចំឡើង​ ដើម្បីរួមចំណែកក្នុងការកសាងគម្របព្រៃឈើ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងលើកម្ពស់ឱ្យមានការចូលរួមដាំដើមឈើ ពីមហាជនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភា បណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប​ មានគម្រោងដាំកូនឈើចំនួន ១លានដើម ក្នុងរយៈពេល ៦ឆ្នាំ ហើយចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ឧទ្យានបានដាំកូនឈើចំនួន ១៥០,៧២០ដើម លើផ្ទៃដី ៩២ហិកតា​ ៕

អត្ថបទដែលជាប់ទាក់ទង