គិតត្រឹមខែឧសភា ឆ្នាំ២០២០នេះ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥% ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១នេះ

ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ ស្ពាននេះ​ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។

សូមបញ្ជាក់ថា ស្ពាននេះ​ មានប្រវែងសរុប ១.១៣១ម៉ែត្រ និង ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨លានដុល្លារសហរដ្ឋអាមេរិក​ (ជាងហាសិបប្រាំមួយលាន) និងប្រើប្រាស់រយៈពេលសាងសង់ចំនួន​ ៤២ខែ ៕

អត្ថបទដែលជាប់ទាក់ទង