ក្មេងស្រីអាយុ៩ឆ្នាំ រអិលជើងដួលបោកក្បាលនឹងឈើ ធ្លាក់ចូលទឹកលង់ស្លាប់
ខេត្តរតនគិរី÷ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ក្រោយពីដើរលើឈើហើយក៏រអិលជើងដួលផ្កាប់មុខបោកក្បាលទៅនឹងឈើ រួចធ្លាក់ចូលទឹកអូរហូរខ្លាំង។
ហេតុការណ៍គួរឲ្យអាណោចអាធ័មនេះ បានកើតឡើងកាលពីវេលាម៉ោង១ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអូរចាហាម ក្រោមវាលស្រែថុងសឿក ស្ថិតនៅភូមិអូរកាន ឃុំជ័យឧត្តម ស្រុលំផាត់ ។
នគរបាលប៉ុស្តិ៍ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សេង ស្រីណេ អាយុ៩ឆ្នាំ ជនជាតិខ្មែរ ជាសិស្សថ្នាក់ទី២ ។
នគរបាលប៉ុស្តិ៍ បានបន្តថា មុនពេលកើតហេតុ ខណៈឪពុកម្ដាយមិននៅផ្ទះ ក្មេងស្រីរងគ្រោះរួមជាមួយក្មេងប្រុសស្រី២នាក់ ទី១ ឈ្មោះ ហេង គឹមហៃ ភេទប្រុស អាយុ១០ឆ្នាំ (ត្រូវជាក្មួយ) ២ ឈ្មោះ សេង ស្រីណុច អាយុ១១ឆ្នាំ (ត្រូវជាបងក្មេងរងគ្រោះ) បានលេងទឹកអូរ ដោយឈ្មោះ សេង ស្រីណុច និងឈ្មោះ ហេង គឹមហៃ ហែលទឹកឆ្លងទៅត្រើយម្ខាងមុន ចំណែកក្មេងស្រីរងគ្រោះដើរចុះអូរក៏រអិលជើងដួលផ្កាប់មុខបោកក្បាលនឹងគល់ឈើ ហើយធ្លាក់ចុះក្នុងទឹកអូរដែលកំពុងហូរយ៉ាងខ្លាំង ហើយក៏លង់ទឹកអណ្តែតទៅតាមទឹកតែម្តង។ ពេលនោះឈ្មោះ គឹម ហៃ បានរត់ទៅប្រាប់អ្នកផ្ទះក្បែរឲ្យមកជួយរក ហើយក៏បានរកឃើញសពនៅវេលាម៉ោង១នឹង៣០នាទីថ្ងៃដដែល ខាងក្រោមកន្លែងកើតហេតុប្រហែល១០០ម៉ែត្រ។
បច្ចុប្បន្ន សពក្មេងស្រីរងគ្រោះ ត្រូវបានឪពុកម្តាយ ព្រមទាំងសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ តាជួង