គេចាប់ង្រត់កូនស្រីបាត់ ឪពុកម្ដាយចោទប្រកាន់ថា​ ប្ដឹងប៉េអឹម​ មិនមានចំណាត់ការឲ្យគាត់

ខេត្តរតនគិរី ៖ ប្ដីប្រពន្ធ ២នាក់ លើកដៃសំពះអង្វរ សុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយរកយុត្តិធម៌ឲ្យគាត់ បន្ទាប់ពីកូនស្រីគាត់​ ត្រូវបុរសម្នាក់ចាប់ពង្រត់យកទៅបាត់ ហើយគាត់បានប្ដឹងកងរាជអាវុធហត្ថស្រុកកូនមុំ រយៈពេល​ ១០ថ្ងៃ​ មកហើយ​ មិនឃើញមានលទ្ធផល។

ពីរនាក់ប្ដីប្រពន្ធ​ ដែលយំសោកបាត់កូនស្រីថា ត្រូវបុរសម្នាក់ពង្រត់ទៅនោះ ប្ដីមានឈ្មោះ យ៉ាវ យឿង អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ ហេង លួន អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅក្រុមហ៊ុន ហ៊័ងអញកូនមុំចំការចេក។ ចំណែកកូនស្រី ដែលត្រូវគេពង្រត់នោះ ឈ្មោះ យឿង ស្រីនីត អាយុ១៥ឆ្នាំ រីឯអ្នកលួងលោមពង្រត់ទៅនោះមានឈ្មោះ ព្រំ ប៊ុនធី ហៅ ង៉ែត អាយុ២៤ឆ្នាំ ជនជាតិខ្មែរ អតីតៈជាកម្មករធ្វើការក្នុងក្រុមហ៊ុន ហ៊័ងអញ ដូចគ្នា តែត្រូវក្រុមហ៊ុនដេញបញ្ឈប់ពីការងារ ដោយពាក់ព័ន្ធករណីគ្រឿងញៀន។

បើយោងតាមការរៀបរាប់ទាំងទឹកភ្នែករបស់ឪពុកម្ដាយក្មេងស្រី បានឲ្យដឹងថា កូនស្រីគាត់ឈ្មោះ យឿង ស្រីនីត ទើបតែអាយុ១៥ឆ្នាំទេ។ ហើយមិនមានអត្តសញ្ញាណប័ណ្ណទៀតផង ដោយមិនគ្រប់អាយុ។ គាត់បន្តថា កូនស្រីគាត់បានបាត់ខ្លួននៅវេលាម៉ោង​ ៩យប់​ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ទើបគាត់ទូរស័ព្ទទៅប្ដឹងលោក គឹម ប៊ុនធឿន នាយរងកងរាជអាវុធហត្ថស្រុកកូនមុំ ដល់ថ្ងៃទី២៥ គាត់មកដល់ស្នាក់ការកងរាជអាវុធហត្ថលេខ៧៨៩ ស្ថិតនៅជិតក្បាលស្ពានស្រែពក លោក គឹម ប៊ុនធឿន មកទីតាំងនេះ ដើម្បីធ្វើការជួបឪពុកម្ដាយក្មេងស្រី។ ពួកគាត់បានបន្តទៀតថា ក្រោយពីជួបលោក គឹម ប៊ុនធឿន ខាងកងរាជអាវុធហត្ថតម្រូវឲ្យគាត់បង់ប្រាក់ចំនួន​ ២០ម៉ឺនរៀល ដើម្បីចាក់ប្រេងធ្វើការនេះ ដោយសន្យាថា ឲ្យពួកគាត់រងចាំទទួលកូនស្រី ក៏ប៉ុន្តែតាំងពីពួកគាត់បានប្ដឹង រហូតដល់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០នេះ នៅមិនទាន់ឃើញកូនគាត់នៅឡើយទេ។

លោក គឹម ប៊ុនធឿន នាយរងកងរាជអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០នេះថា លោកនឹងធ្វើរបាយការណ៍ភាពជាក់លាក់ អំពីសកម្មភាពពិតប្រាកដជូនថ្នាក់លើ ក្នុងករណីថា​ លោកមិនមានចំណាត់ការ ក្នុងរឿងជនល្មើសពង្រត់កូនគេ។ លោកថា មានជ្រុងខ្លះ ដែលឪពុកម្ដាយក្មេងស្រីមិនគួរផ្ដល់ព័ត៌មានឲ្យអ្នកសារព័ត៌មាននោះទេ។

លោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ករណីខាងលើ​ លោកបានឲ្យគេកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ លោកថាករណីនេះលោកមិនចោលទេ លោកកំពុងបញ្ជាឲ្យកម្លាំងធ្វើការតាមដានស៊ើបអង្កេតបន្ត។ ចំពោះការចោទប្រកាន់ថា កម្លាំងកងរាជអាវុធហត្ថមិនមានចំណាត់ការនោះ លោកបានស្ដីបន្ទោសយ៉ាងខ្លាំង ទៅលើលោកមេបញ្ជាការប៉េអ៊ឹមស្រុកកូនមុំ ពីព្រោះករណីនេះ​ លោកទើបតែដឹង។

ជុំវិញករណីពង្រត់ក្មេងស្រីខាងលើនេះដែរ លោកស្រី កែវ ដាវី ស្នងការរងខេត្តរតនគិរី ទទួលផែនប្រឆាំងការជួញដូរមនុស្ស ការពារអនិតិជន និងយេនឌ័រ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០នេះថា ការពង្រត់ក្មេងស្រីមិនស្របច្បាប់ ចាប់ពីអាយុ១៥ឆ្នាំចុះ ត្រូវមានទោស បើទោះជាមានការព្រមព្រៀងពីក្មេងស្រីនោះយ៉ាងណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង