សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ចរាចរណ៍ កុំថាឡើយ ទោះជាតំណាងរាស្ត្រ រដ្ឋមន្ត្រី ពាក់ផ្កាយប៉ុន្មានក៏ដោយ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការយល់យោគទាំងអស់
រៃវែង ៖ ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ទីចាត់ការ អគាររដ្ឋបាលឃុំ និងសមិទ្ធផលនានា នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅស្រុកកំចាយមារ ខេត្តព្រៃវែង។
អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងសហការី ព្រមទាំងអង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលសំខាន់ៗនាឱកាសនេះ។
សម្ដេចបានមានប្រសាសន៍ថា អគារសិក្សា ទីចាត់ការ អគាររដ្ឋបាលឃុំ និងសមិទ្ធផលនានា ដែលបានប្រារព្ធពិធីសម្ពោធនាពេលនេះ គឺកើតចេញពីការគិតគូជាចាំបាច់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរក្រោមជាតិ ចំពោះសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសម្ដេចបានសង្កត់ធ្ងន់ថា នេះហើយជាចរិតនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចបានជម្រាបជូនប្រជាពលរដ្ឋថាសម័យនេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ មិនសូវមានពេលថ្ងៃសៅរ៍អាទិត្យសម្រាប់ជួបជុំក្រុមគ្រួសារដូចមន្ត្រីសម័យមុនឡើយ ដ្បិតរាជរដ្ឋាភិបាល និងគណបក្ស បានបែងចែកការទទួលខុសត្រូវឱ្យមន្ត្រីចុះមូលដ្ឋាន ដើម្បីក្ដាប់បញ្ហា និងរកដំណោះស្រាយជូនពលរដ្ឋ។
ឆ្លៀតនៅក្នុងឱកាសសំណេះសំណាលដ៏វិសេសវិសាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋក្នុងឃុំត្របែក ពិសេសភូមិអូរ ដែលបានជួយទំនុកបំរុង និងនូវផ្ដល់ក្ដីសណ្ដោសដល់ក្រុមគ្រួសារសម្ដេច កាលពីសម័យតស៊ូផ្ដួលរំលំរបបខ្មែរក្រហម។
អញ្ជើញបន្តមានប្រសាន៍អំពីសមិទ្ធផលក្នុងស្រុកកំចាយមារ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រាល់ការសាងសង់ និងស្ថាបនាផ្សេងៗ គឺសុទ្ធតែបានប្រើប្រាស់ធនធានចម្រុះ ដោយមានទាំងគម្រោងថវិការដ្ឋ ដូចយ៉ាងសម្រាប់សាលារៀន សាលាឃុំ ប៉ុស្តិ៍ប៉ូលីស និងប៉ុស្តិ៍សុខភាពជាដើម ប៉ុន្តែដោយសាររដ្ឋនៅមានការខ្វះខាត យើងក៏បានទទួលថវិកាពីប្រភពផ្សេងទៀត។
សម្ដេចបានមានប្រសសាសន៍ថា ប្រភពថវិកាផ្សេងទៀតសម្រាប់ការចូលរួមកសាងសមិទ្ធផលនានានោះ គឺបានមកពីចូលរួមចែករំលែកធនធានរបស់សប្បុរសជនក្នុងស្រុក និងក្រៅស្រុកដែលមានជីវភាពធូរធាផង និងបានមកពីការចូលរួមផ្ដល់ជំនួយពីបណ្ដាប្រទេសជាមិត្ត និងអង្គការជាដៃគូផង ជាក់ស្ដែងដូចជាមិត្តឥណ្ឌូនេស៊ីជាដើម។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ពេលនេះ នៅគ្រប់ភូមិទូទាំងប្រទេស សុទ្ធតែមានសលាបឋមសិក្សា និងស្ទើតែគ្រប់ឃុំ ក៏សុទ្ធតែមានអនុវិទ្យាល័យ ហើយវិទ្យាល័យវិញក៏មានស្ទើតែគ្រប់ក្រុងស្រុក ដែលខ្លះមានលើសពី ១កន្លែងទៀតផង អាស្រ័យលើចំនួនប្រជាពលរដ្ឋ និងភូមិសាស្ត្រជាក់ស្ដែង ខណៈវិទ្យាល័យក៏ត្រូវបានពង្រាយនៅតាមខេត្តភូមិភាគជាបន្តបន្ទាប់។
នៅពេលមានប្រសាសន៍អំពីសមិទ្ធផលដែលបានដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារឱ្យបានល្អ ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់បានយូរអង្វែង និងសូមដាំដើមឈើឱ្យបានច្រើនៅតាមសាលារៀន វត្តអារាម សាលាឃុំ និងទីតាំងសាធារណៈនានា។
សម្ដេចក៏បានមានប្រសាសន៍ថា ពេលនេះ រាជរដ្ឋាភិបាលក៏កំពុងបង្កើនល្បឿននៃការអភិវឌ្ឍន៍ផ្លូវគមនាគម ដើម្បីភ្ជាប់ឱ្យបានគ្រប់ច្រឡ្ហកទូទាំងប្រទេស ជាក់ស្ដែងពេលនេះសម្រាប់ការភ្ជាប់ផ្លូវជាតិនៅតំបន់ប៉ែកខាងលិច និងភាគនិរតិដែលជាគម្រោងភ្ជាប់ផ្លូវជាតិមួយជុំប្រទេសនោះ សម្ដេចតេជោនឹងអញ្ជើញបើកការដ្ឋានស្ថាបនានាពេលឆាប់ៗនេះ។
បន្ទាប់មកសម្ដេចបានបន្តមានប្រសាសន៍ជូនអង្គពិធី ពិសេសប្រជាពលរដ្ឋ អំពីស្ថានភាពសន្តិសុខនៅក្នងប្រទេស ដោយសម្ដេចបានមានប្រសាសន៍ថា ពេលនេះ ប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញលេញ គ្មានអំពើភេវរកម្ម និងគ្មានការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នោះទេ ប៉ុន្តែអ្វីដែលមិនទាន់កក់ក្ដៅនោះ គឺការកើតមានអំពើឆក់ប្លន់ និងគ្រឿងញៀន។
សម្ដេចបានសង្កត់ធ្ងន់ថា«ប្រសិនបើប្រជាជនមានសន្តិភាព ប៉ុន្តែមិនទាន់មានសន្តិសុខ ដែលថ្ងៃណាក៏កើតមានចោរលួចចោរប្លន់នោះ តើអារម្មណ៍របស់គាត់យ៉ាងដូចម្ដេច? គឺពួកគាត់ប្រាកដជាមានការភ័យខ្លាចមិនខាន ដោយម្យ៉ាងស្រុកយើងមិនបានផ្ដល់សិទ្ធិឱ្យពលរដ្ឋប្រើប្រាស់អាវុធដែរ ដូច្នេះយើងជាអាជ្ញាធរកម្លាំងសមត្ថកិច្ចត្រូវដោះស្រាយ ពង្រឹងសន្តិសុខ និងចាប់អ្នកប្រព្រឹត្តល្មើសមកផ្ដន្ទាទោសឱ្យបាន»។
សម្ដេក្រឡហោមក៏បានមានប្រសាសន៍ផ្ដល់ការពន្យល់ងាយៗជូនប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈប្រចាំថ្ងៃ និងទៅតាមវិស័យ និងការបង្កើនថវិកាប្រចាំឆ្នាំជូនឃុំសង្កាត់ចាប់ពីឆ្នាំ២០២០នេះ ដើម្បីឲ្យក្រុមប្រឹក្សាឃុំសង្កាត់កាន់តែមានលទ្ធភាពច្រើនជាងមុន ក្នុងដោះស្រាយបញ្ហាជាក់ស្ដែងក្នុងមូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
សម្ដេចក៏បានសង្កត់ធ្ងន់ដែរថា ជាមួយគ្នានេះ អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលទទួលបានមុខងារ សិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ក៏ត្រូវតែមានគណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខច្បាប់ដែរ មិនមែនមុខងារ សិទ្ធិអំណាច ឬធនធានទាំងនោះ ក្លាយជាមុខសញ្ញានៃការរស្វែងរកផលប្រយោជន៍នោះទេ។
ពាក់ព័ន្ធនឹងការប្រឈមជាសកល ដែលក្នុងនោះកម្ពុជាក៏កំពុងប្រឈមដែរ គឺបញ្ហារីករាលដាលនៃមេរោគកូរូណាចេញពីប្រទេសចិន សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជាពលរដ្ឋកុំមានក្ដីបារម្ភជ្រុលហួសហេតុពេក ប៉ុន្តែមិនត្រូវមានធ្វេសប្រហែសក្នុងការប្រតិបត្តិអនាម័យជាប្រចាំនោះឡើយ ដោយត្រូវលាងដៃនឹងសាប៊ូ និងទទួលទានទឹក និងម្ហូបអាហារ ដែលឆ្អិនល្អ។
ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម នៅតែបន្តទទូចសុំប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវត្រូវអនុវត្តច្បាប់ចរាចរណ៍ ព្រោះចាប់ពីពេលនេះតទៅ ការអប់រំត្រូវរុញទៅនៅខាងក្រោយហើយ ដោយការអនុវត្តច្បាប់គ្មានការលើកលែង ត្រូវបានយកមកដាក់នៅខាងមុខវិញ ហើយវិធានការថ្មីៗនឹងត្រូវដាក់ឱ្យអនុវត្តបន្ថែមទៀត ដើម្បីបង្កើនការរឹតបន្តឹង និងកាត់បន្ថយគ្រោះថ្នាក់លើប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍នេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថា សមត្ថកិច្ចត្រូវអនុវត្តដោយគ្មានការលើកលែង កុំថាឡើយទោះជាតំណាងរាស្ត្រ រដ្ឋមន្ត្រី ទាហាន ឬនគរបាល ពាក់ផ្កាយប៉ុន្មានក៏ដោយ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការយល់យោគទាំងអស់ ហើយសម្ដេចបានផ្ដាំជាមុនថា កម្លាំងនគរបាលអ្នកអនុវត្តច្បាប់ ប្រសិនបើប្រឈមបញ្ហាអ្វី សម្ដេចសូមធានាការពារជូន។
បន្ទាប់មក សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យប្រើប្រាស់អគារសិក្សាជួសជុលទាំង ៤ខ្នង អគារសិក្សាថ្មី អគារទីចាត់ការ ព្រមទាំងអគារផ្សេងៗទៀតក្នុងស្រុកកំចាយមារ និងបានអំពាវនាវជាថ្មីទៀតដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ រួមទាំងពលរដ្ឋទូទៅ សូមជួយថែរក្សាសមិទ្ធទាំងនេះ មុននឹងសម្ដេចអញ្ជើញបំពាក់គ្រឿងឥស្សរយយសជូនមន្ត្រីមានស្នាដៃ និងសប្បុរសជន៕